(ភ្នំពេញ)៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានកោតសរសើរការងារបោសំអាតមីននៅកម្ពុជា ព្រមទាំងប្រកាសបន្តគាំទ្រជួយកម្ពុជាឱ្យសម្រេចគោលដៅកម្ពុជាគ្មានមីន។
នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីសកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានមីន។
ក្នុងកិច្ចសន្ទនានោះ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបាន រួមមាន៖ ការរំដោះផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានសរុបជាង ៣,២៩៧គីឡូម៉ែត្រក្រឡា, ការកាត់បន្ថយអត្រាអ្នករងគ្រោះមកនៅក្រោម ៥០នាក់ក្នុងមួយឆ្នាំ និងការប្រកាសខេត្តចំនួន ១៥ ជាខេត្តអស់មីន។ សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពីការវិវត្តរបស់កម្ពុជាដែលបានប្រែក្លាយពីប្រទេសទទួលជំនួយផ្នែកសកម្មភាពមីនទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចគួរឱ្យកត់សម្គាល់លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ បន្ថែមលើនេះ, វាគ្មិនទាំងអស់ ក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌, ការចែករំលែកបទពិសោធន៍ និងការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងបានសង្កត់ធ្ងន់ថា «បទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែកជាមួយនឹងបណ្ដាប្រទេសនៅលើសកលលោក»។
ជាមួយគ្នានោះ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីន។
សម្ដេចមហាបវរធិបតីបានបញ្ជាក់សាជាថ្មីថា សកម្មភាពមីននៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តសហការគាំទ្រ, ចូលរួម និងយកចិត្តទុកដាក់លើការងារបោសសម្អាតមីន,ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់មីន, ការជួយស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រាប់មីន,ការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីន, ការពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍, ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា ការពើបប្រទះនឹងភ្លើងសង្គ្រាមរយៈពេលប្រមាណជា៣ទសវត្ស បាននាំមកនូវសោកនាដកម្មយ៉ាងខ្លោចផ្សារបំផុតសម្រាប់កម្ពុជា។ បើទោះបីសង្គ្រាមបានបញ្ចប់ តែគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះផ្សេងៗ នៅតែបន្តតាមយាយីប្រជាជនកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជា បានប្រឹងប្រែងបោសសំអាតគ្រាប់មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗយ៉ាងសស្រាក់សស្រាំបំផុត ក្រោយការជួយគាំទ្រពីដៃគូនានា។ មកដល់ពេលបច្ចុប្បន្ណ បានបំផ្លាញមីនប្រឆាំងមនុស្សជាង ១ លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣លានគ្រាប់។ កម្ពុជា បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។
ទោះយ៉ាងណា កម្ពុជានៅមានផ្ទៃដីមានគ្រាប់មីនជាង ១.៦០០ គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១ លាននាក់៕