(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ជូនដល់អាជ្ញាធរគ្រប់មូលដ្ឋាន និងអ្នកពាក់ព័ន្ធ។
ពិធីនេះក៏មានការចូលរួមពីលោក ហាក់ សុខមករា អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាលខេត្ត , លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្ត, លោកវរសេនីយ៍ត្រី ពក សាង មេបញ្ជាការរងខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា, អាជ្ញាធរមូលដ្ឋានជាប់ព្រំដែន, តំណាងម្ចាស់កាស៊ីណូ និងបងប្អូនអ្នកសារព័ត៌មានមួយចំនួនផងដែរ។
លោក ហាក់ សុខមករា បានថ្លែងថា ស្របតាមនិន្នាការ នៃការគ្រប់គ្រងល្បែងនៅតាមកាស៊ីណូ ល្បែងពាណិជ្ជកម្ម ទាំងក្នុងតំបន់ និងលើសកលលោកផងដែរ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រង ដោយគណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា (គ.ល.ក) ។
លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទបង្ហាញរបស់ក្រុមការងារជំនាញ និងមតិណែនាំសំខាន់ៗរួចមក ត្រូវចូលរួមក្នុងកិច្ចពិភាក្សាដើម្បីផ្តល់ជាធាតុចូលបន្ថែម សម្រាប់យកទៅអនុវត្តការងារគ្រប់គ្រង ប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យកាន់តែទទួលបានប្រសិទ្ធិភាពបន្ថែមទៀត។
អភិបាលរងខេត្ត បានបញ្ជាក់ថា បទបង្ហាញដែលលើកយកមកធ្វើការផ្សព្វផ្សាយនៅថ្ងៃនេះ និងសង្កត់ធ្ងន់ទៅលើ ៧ចំណុច ដូចជា៖ ១.មូលដ្ឋាន គតិយុត្ត ២.ល្បែងស៊ីសង និងល្បែងពាណិជ្ជកម្ម ៣.លក្ខខណ្ឌនៃការធ្វើអាជីវកម្មកាស៊ីណូ ៤.ការ គ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ៥.ការគ្រប់គ្រងផលប៉ះពាល់ពីល្បែង ៦.ទោសទណ្ឌ ៧.បច្ចុប្បន្ន ភាពល្បែងផ្សងសំណាង។
លោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងស្នើឡើងនូវច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខ ប្រកាសឱ្យប្រើកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកបានបន្តថា ច្បាប់នេះមានគោលបំណងធានាការ គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គលនិងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់ លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើត ស្តង់ដាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ី ច័ន្ទវាសនា បានបន្ថែមថា តាមរយៈច្បាប់នេះ គណៈកម្មការគ្រប់គ្រងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក. ត្រូវបានបង្កើតឡើង និងមានសមាសភាពចំនួន ១១រូប មកពីក្រសួង-ស្ថាប័ន ចំនួន៧ ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មដោយផ្ទាល់ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕