(សៀមរាប)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលទីតាំងនៅខាងមុខប្រាសាទអង្គរវត្ត និងទីតាំងរៀបចំព្រះបរមឆាយាលក្ខ័ណ៍ ព្រះករុណាព្រះមហាក្សត្រ នៅតាមដងវិថីសំខាន់ៗក្នុងខេត្តសៀមរាប ក្នុងការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្វឡើងជាផ្លូវការ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

អញ្ជើញចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នាឱកាសនោះដែរ មានលោក ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរ ដែនដី មន្រ្តីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការក្នុងស្ថាប័នមន្ទីរ ពាក់ព័ន្ធជាច្រើនរូប។

សម្តេចមហាមន្ត្រី គុយ សុផល បានយកចិត្តទុកដាក់បំផុតទៅលើកិច្ចការងារដ៏សំខាន់នេះ ព្រមទាំងបានជម្រាបជូនជាយោបល់ ណែនាំដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ គប្បីបន្តការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងស្មារតី សាមគ្គីភាព ឯកភាពគ្នា និងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តន៍ នូវរាល់ភារកិច្ចជំនាញគ្រប់ផ្នែកទាំងអស់ ដូចជាការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ការរៀបចំទីតាំង ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ពិសេសការរៀបចំកិច្ចការពិធីសាសនានានា ឲ្យសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរបំផុត ក្នុងការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឲ្យបានប្រព្រឹត្តទៅដោយប្រកបដោយភាពឧត្តុងឧត្តមថ្លៃថ្លាបំផុត៕