(ភ្នំពេញ)៖ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថាបច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គក្នុងស្រុកចំនួន១៦ទីតាំង ទូទាំងប្រទេស ដែលមានលទ្ធភាពផលិតជីបានក្នុងរង្វង់ជាង៥ម៉ឺនតោនក្នុងមួយឆ្នាំ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនផលិតជីសរីរាង្គក្នុងស្រុក មានដូចជា៖

*ហុង លីនដា ស្ថិតនៅភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

*ហ៊ុយ យន់ អេហ្រ្គីខលឈ័រ ស្ថិតនៅភូមិតឡាក់ ឃុំតាឡាក់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ

*ដីញញឹម ឯ.ក ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

*បាមប៊ូសា គ្លូប៊ល វេនឈ័រ ស្ថិតនៅភូមិអន្រ្ដះ ឃុំអបួនលើ ស្រុកកោះញ៉ែកខេត្តមណ្ឌលគីរី

*ហាស វេនឈ័រ ( ខេមបូឌា ) ស្ថិតនៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្ល ខេត្តកំពង់ធំ

*រត្ន័ វណ្ណ: អេហ្រ្គីខលឈ័រ ស្ថិតនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ

*សូម៉ាន់ ណូរ៉ា អេហ្គ្រោណាញ ឯ.ក ស្ថិតនៅភូមិសំរោងទងលើ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

*ផលិតជីសរីរាង្គកសិករញញឹម ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់

*ជីសរីរាង្គផ្ទះពេជ្រ ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប

*ផលិតជីសរីរាង្គខ្លាឃ្មុំបៃតង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប

*ណាណាមីស្ដារ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប

*ធី ប៊ែលយូ អេស៊ី រំដួល អេហ្រ្គីខលឈ័រ ស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

*ហេង គឹមហាំង ត្រេឌីង ស្ថិតនៅភូមិគោកតាឯក ឃុំស្វាយចេក ស្រុកស្វាយចេកបន្ទាយមានជ័យ

*សេវ ឌឹឡាហ្វស៍ ( ខេមបូឌា ) ឯ.ក ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

*ផលិតជីសរីរាង្គព្រៃស្នួល ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

*សិប្បកម្មជីធម្មជាតិសញ្ញាផ្សោតបៃតង ស្ថិតនៅភូមិត្រពាំងអញ្ជាញ ឃុំភ្នំក្រាំងមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

លោកបណ្ឌិត សេង វ៉ាង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថាក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចូលជីសរីរាង្គមកបំពេញតម្រូវការក្នុងស្រុកក្នុងរង្វង់៩៦ ៧៩៧តោន ខណៈដែលរោងចក្រក្នុងស្រុកអាចផលិតបានប្រមាណជាង៥៣ ៣០០តោន គឺអាចផ្គត់ផ្គង់បានប្រហែលតែ ៥០% នៃតម្រូវការជីសរីរាង្គក្នុងស្រុកប៉ុណ្ណោះ។

ជាមួយគ្នានេះ កម្ពុជា បាននិងកំពុងរៀបចំនូវ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម» ដែលនឹងបង្កើតបាននូវឱកាសសម្រាប់កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ការផ្គូរផ្គងអាជីវកម្ម ការបង្ហាញនូវនវានុវត្តន៍ ការបង្កើនភាពជាដៃគូ ការកៀរគរការវិនិយោគ និងការផ្សារភ្ជាប់ទៅនឹងទីផ្សារ។ តាមរយៈកម្មវិធីនេះ លោក មានជំនឿយ៉ាងមុតមាំថាកម្ពុជានឹងអាចទទួលបាននូវវិនិយោគិនបន្ថែមទៀតលើវិស័យកសិកម្ម ជាពិសេសការវិនិយោគលើការផលិតជីសរីរាង្គក្នុងស្រុក។

សូមជម្រាបថា កន្លងមកលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានបញ្ជាក់ថា អាជីវករជី និងថ្នាំកសិកម្មទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងក្លាយជាអាជីវករស្របច្បាប់ ដូច្នេះអាជីវករគឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ មន្ទីរកសិកម្ម និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ និងលក់ចែកចាយជី និងថ្នាំកសិកម្មដល់កសិករ៕