(កោះកុង)៖ លោក គឹម ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានរតនាគារខេត្តកោះកុង, លោក ជា ហេង ជំនួសលោក ឈិន លឹមពិសាល ត្រូវផ្លាស់ប្តូរទៅខេត្ដកំពង់ឆ្នាំង។
ការអញ្ជើញចូលរួមនេះ ដោយមានការស្វាគមន៍អមដំណើរ ដោយលោកស្រី ឈី វ៉ា អភិបាលរងខេត្ត, លោក-លោកស្រី អភិបាលក្រុង/ស្រុក និងមានការចូលរួមមន្ត្រីរាជការ គ្រប់បណ្តាអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។ ពិធីនេះ ធ្វើឡើងនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅសាលមហោស្របខេត្ត។
លោក គឹម ផល្លា បានផ្តាំផ្ញើ ដល់ប្រធានមន្ទីររតនាគារជាតិថ្មីថា ដោយមានការយកចិត្តទុកដាក់ និងមានទំនុកទុកពីរាជរដ្ឋាភិបាល ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីបម្រើតួនាទីឲ្យបានជោគជ័យ និងធ្វើការកែទម្រុងសេដ្ឋកិច្ចហិរញ្ញវត្ថុ បម្រើសេវាសាធារណៈ ឲ្យមានភាពរលូន ដើម្បីឆ្ពោះទៅរកការវឌ្ឍនៈភាព។
លោកបន្តថា ការប្រកាសចូលកាន់មុខតំណែងថ្មី ចាំបាច់ត្រូវគិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាសេចក្តីត្រូវការចង់បាន និងបម្រើសេវាសាធារណៈ ឲ្យបានលឿនឆាប់រហ័ស មានតម្លាភាព និងប្រកបដោយទំនុកចិត្ត ដើម្បីឆ្លើយតបនឹងស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចបវធិបតី ហ៊ុន ម៉ាណែត។
លោកបានបន្ថែមថា ក្នុងនាមមន្ត្រីរាជការ ត្រូវរក្សាភាពថ្លៃថ្នូរមានក្រមសីលធម៌ល្អ ចេះសាមគ្គីគ្នា ជាមួយមន្ត្រីគ្រប់ស្ថាប័នរក្សាភាពផ្ទៃក្នុងឲ្យល្អ ចេះដោះស្រាយគ្រប់បញ្ហាទៅតាមការគួរ និងចេះកែទម្រុងរាល់ការងារស្របទៅតាមតួនាទី ដែលយើងទទួលបានថ្មីៗនេះ ហើយត្រូវបង្កើនធនធានមនុស្ស និងបំពេញកាតព្វកិច្ចរបស់ខ្លួន។
លោក ជា ហេង ទើបប្រកាសចូលកាន់មុខតំណែងថ្មី ក៏បានប្តេជ្ញាចិត្តថា លោកនឹងខិតខំយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើសេវាសាធារណៈឲ្យបានរលូន និងដោយទំនួលខុសត្រូវខ្ពស់។
លោកថា មានទំនុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងរក្សាភាពផ្ទៃក្នុងឲ្យបានល្អ លើកកម្ពស់ស្មារតីមន្ត្រីក្រោមឱវាទ និងធ្វើការផ្តល់សេវាសាធារណៈមន្ត្រីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងខិតខំបំពេញកាតព្វកិច្ចតួនាទីឲ្យល្អ និងដោះស្រាយបញ្ហាដែលមានរាំងស្ទះឲ្យល្អផងដែរ៕