(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា វឌ្ឍនភាពការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបាន គឺមួយផ្នែក បានមកពីកិច្ចសហ ប្រតិបត្តិការក្នុងភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈ កិច្ចសហប្រតិបត្តិការនេះ យើងនឹងបន្តទៅមុខទៀត ដើម្បីចូលរួមជួយដល់ក្រុមគោលដៅជាជនរងគ្រោះ និង ងាយរងគ្រោះនៅកម្ពុជា។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារក្រុមជនរងគ្រោះ និងងាយរងគ្រោះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល តាមរយៈកិច្ចព្រមព្រៀង គម្រោងនានា ដើម្បីអនុវត្តសកម្មភាពជួយដល់កុមារ គ្រួសារគ្រីក្រ មនុស្សចាស់ ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត។
រដ្ឋមន្រ្តីបានថ្លែងក្នុងឱកាសកិច្ចប្រជុំស្តីពី ភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
ក្នុងភាពជាដៃគូ ក្រសួងក៏បានផ្តល់នូវការគាំទ្រជូនបណ្តាសមាគម និងអង្គការ ដែលបានស្នើសុំទៅ បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ នូវលិខិតស្នើសុំចុះឬបន្តអនុស្សរណៈជាមួយនឹងរាជរដ្ឋាភិបាល ស្នើសុំពន្យារ ទិដ្ឋាការជូនបុគ្គលិកបរទេស ស្នើសុំធ្វើផ្លាកលេខយាន្តយន្តប្រភេទអង្គការ និងការស្នើសុំនាំចូលសម្ភារៈ សម្រាប់ការងារអនុវត្តគម្រោងកម្មវិធី ដោយការបង់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា កិច្ចប្រជុំស្តីពី ភាពជាដៃគូក្នុងវិស័យ សង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ដ៏មានសារៈសំខាន់នាពេលនេះ ដែលកិច្ចប្រជុំនឹងទទួលបាននូវការផ្លាស់ប្តូរបតិយោបល់ ក្នុងកិច្ច សហប្រតិបត្តិការ រវាងក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម អង្គការដៃគូ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងបន្តអនុវត្តការងារជួយក្រុមគោលដៅជនរងគ្រោះ និង ងាយរងគ្រោះ ជាកុមារ ជនមានពិការភាព គ្រួសារក្រីក្រ មនុស្សចាស់ និងក្រុមជនងាយគ្រោះដទៃទៀត ក្នុងវិស័យសង្គមកិច្ច អោយកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា គិតត្រឹមឆ្នាំ២០២៥ នេះ ក្នុងភាពជាដៃគូសហប្រតិបត្តិការ រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានវឌ្ឍនភាពការងារទៅមុខ ជាធម្មតា។ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានដើរតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ធាតុចូលសម្រាប់រៀបចំគោលនយោបាយ និងកម្មវិធីជាតិ និងការ កៀរគរធនធាន មានទាំងថវិកា និងបច្ចកទេស ដើម្បីអនុវត្តកម្មវិធីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ សំដៅលើកកម្ពស់សុខុមាលភាពសង្គមកម្ពុជា ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ «ការបន្តពង្រឹងភាពជាដៃគូជាមួយ តួអង្គអភិវឌ្ឍន៍ទាំងអស់»។
លោកបន្តថា ក្រោយបញ្ចប់កិច្ចប្រជុំនេះ ទទួលបានបទពិសោធន៍ថ្មីៗ ជាច្រើន ពីការអនុវត្តគម្រោងកម្មវិធី ជួយដល់ក្រុមគោលដៅក្នុងវិស័យសង្គមកិច្ច តាមរយៈបញ្ហាប្រឈម និងសំណូមពរ ដែលបានលើកទ្បើង ដើម្បីសម្រេចនូវគោលដៅកិច្ចសហប្រតិបត្តិការ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ១៧៣ បានចុះ កិច្ចព្រមព្រៀងគម្រោង ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនោះមានសមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស ចំនួន ៩៧ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន៧៦ ។ សមាគម អង្គការ ដែលអនុវត្តគម្រោងកម្មវិធីផ្នែកកុមារ ចំនួន ១១១ ផ្នែកកិច្ចការគ្រួសារ ចំនួន ១៧ ផ្នែកគាំពារជនរងគ្រោះ ចំនួន ២៥ ផ្នែកពិការភាពចំនួន ១៨ និងផ្នែកមនុស្សចាស់ចំនួន២៕