(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ កម្មករនិយោជិត និយោជក និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល បរិយាបន្ន និងមិនទុកនរណាម្នាក់ចោលនោះឡើយ។
លោករដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់បែបនេះ នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែលបានផ្ដួចផ្ដើម និងសម្របសម្រួលឱ្យមានយន្តការ «កាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលបង្កើតឡើងក្នុងគោលបំណងគាំទ្រប្រទេសត្រួសត្រាយផ្លូវក្នុងការតាក់តែង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់ ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី ការអភិវឌ្ឍប្រកបដោយចីរភាព និងការវិយោគលើការគាំពារសង្គម និងការងារសមរម្យ។
លោករដ្ឋមន្រ្តីបានបន្ថែមថា ដោយមើលឃើញថាទិសដៅ និងបេសកកម្មនៃគំនិតផ្ដួចផ្ដើមកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ អាចបំពេញបន្ថែម និងជួយជំរុញរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង ទើបរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពមិនរួញរាក្នុងការដាក់កម្ពុជា ចូលជាប្រទេសត្រួសត្រាយផ្លូវ និងប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃទៀត។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផ្ដោតទៅលើគោលនយោបាយអាទិភាពសំខាន់ៗ ដូចជាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគាំទ្រដល់ការបង្កើតការងារ, ការអភិវឌ្ឍជំនាញតាមវិស័យសម្រាប់យុវជនដែលងាយរងគ្រោះចំនួន១.៥លាននាក់ ដោយផ្តោតលើយេនឌ័រ, ការពង្រីកការគាំពារសង្គមរួមទាំងការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍, ការចុះបញ្ជីកម្មករនិយោជិត និងសហគ្រាសក្រៅប្រព័ន្ធ, ការធ្វើឱ្យប្រសើរឡើងនូវទីផ្សារការងារប្រកបដោយបរិយាបន្នតាមរយៈឌីជីថលូបនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអនុវត្តនិងជំរុញផែនទីបង្ហាញផ្លូវ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍជំនាញ និងការគាំពារសង្គម សម្រាប់ កម្មករនិយោជិត យុវជន ពលករទេសន្ដរប្រវេសន៍ និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រី និងជនមានពិការភាពមានឱកាសសិក្សា និងអភិវឌ្ឍខ្លួនបន្ថែមនៅអំឡុងពេលអន្តរកាលនេះ សំដៅទាញយកប្រយោជន៍ជាអតិបរិមាក្នុងការផ្លាស់ប្ដូរបរិបទសកល៕