(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមកម្លាំងប្រមាណ៣៣៦៦នាក់ នឹងមកពីស្ថាប័នពាក់ព័ន្ធចំនួន១៥ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅក្នុងខេត្តសៀមរាប។
ការលើកឡើងយ៉ាងូច្នេះរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី នៅក្នុងពិធីកម្ទេចបំពង់ស៊ីមាំងម៉ូតូកែច្នៃ និងភ្លើងហ្វា នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ នៅខាងមុខស្នងការនគរបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ជាស្នងការរង និងប្រធានការិយាល័យស្នងការនគរបាលខេត្ត ជាច្រើនចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា គណៈបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានប្រជុំណែនាំជាច្រើនលើក ជាពិសេស លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ដែលទទួលបន្ទុកការងារសន្តិសុខ គឺបានប្រជុំ ពិភាក្សាយ៉ាងលម្អិត បែងចែកគោលដៅជាច្រើនដែលយើងបានរៀបចំ មានដូចជា៖ នៅតំបន់មុខអង្គរ, តំបន់ព្រះអង្គចេកព្រះអង្គចម, តំបន់ដងស្ទឹងសៀមរាប, តំបន់ផាប់ស្រ្ទីត «Pub Street» និងតំបន់អង្គរធ្យូងយូ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា កាលពីម្សិលបានប្រជុំផ្ទៃក្នុងយ៉ាងលម្អិត អំពីកម្លាំងដែលយើងត្រូវដាក់ គោលដៅណាត្រូវដាក់កម្លាំងប៉ុន្មាន, ការរៀបចំសណ្តាប់ធ្នាប់ក៏យើងត្រៀមរួចជាស្រេចហើយផងដែរ ចំពោះជំនាញរបស់ស្នងការដ្ឋានវិញ គឺបានអនុវត្តតាំងពីថ្ងៃទី០១ ខែមេសាមកហើយ រហូតមកដល់ថ្ងៃនេះគឺបានធ្វើជាប្រចាំ ២៤ម៉ោងលើ២៤តែម្តង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ធ្វើយ៉ាងណារក្សាស្ថេរភាពឲ្យបានល្អប្រសើរ ដើម្បីឲ្យបងប្អូនរបស់យើងមកទស្សនាដើរលេង កម្សាន្តប្រកបដោយសុខសន្តិភាព។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ចាប់ពីថ្ងៃទី១២ កម្លាំងរបស់យើងចូលគោលដៅទាំងអស់ ក៏ប៉ុន្តែកម្លាំងជំនាញបានធ្វើបណ្តើរៗហើយ មានដូចជា៖ ជំនាញព្រហ្មទណ្ឌ, ជំនាញសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសនៅតាមបណ្តាក្រុង ស្រុក យើងបានត្រួតពិនិត្យ ជាតិអាកុល អាវុធជាតិផ្ទុះ គឺយើងបានធ្វើទាំងអស់គ្រប់ជំនាញ ធ្វើយ៉ាងណាគ្រប់គ្រងសភាពការណ៍ឲ្យបាន រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋផង, ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
លោកឧត្តមសេនីយ៍ទោ បន្ថែមថា ឆ្នាំនេះមិនម៉ែនមានតែអង្គរសង្ក្រាន្តទេ គឺមានពិធីបួងសួងមួយទៀតដ៏ធំ ដែលអង្គព្រះមហាក្សត្រនឹងយាងមកបួងសួង និងប្រមុខថ្នាក់ដឹកនាំយើងទាំងអស់នឹងអញ្ជើញមក ដូច្នេះហើយ ក្នុងនាមគណៈបញ្ជាការឯកភាព ក្នុងនាមស្នងការដ្ឋាន និងស្ថាប័នពាក់ព័ន្ធ មានអាវុធហត្ថ និងកងទ័ព បានត្រៀមរួចជាស្រេច នឹងបានប្រគល់ភារកិច្ចរួចហើយផងដែរ។
លោកឧត្តមសេនីយ៍ទោ បន្តថា ថ្ងៃនេះរដ្ឋបាលខេត្តនឹងធ្វើសេចក្តីណែនាំមួយ ស្តីពីការបិទ ការបើក ការផ្សព្វផ្សាយអំពីវិធានការផ្សេងៗ តាមបណ្តាផ្ទះសំណាក់ ប៊ូទិច និងដណ្ឋាគារ ត្រូវអនុវត្តនូវសេចក្តីណែនាំរបស់នឹងចេញបន្តទៀត ដើម្បីឲ្យបងប្អូនគ្រប់គ្រងភ្ញៀវដែលមកកម្សាន្ត ឬក៏ស្នាក់នៅក្នុងខេត្តសៀមរាប ដោយចុះឈ្មោះ មានអត្តសញ្ញាណប័ណ្ណ, លិខិតឆ្លងដែន ដើម្បីគ្រប់គ្រង់ស្ថិតិឲ្យបានច្បាស់លាស់ និងសណ្តាប់ធ្នាប់ឲ្យបានល្អសម្រាប់ខេត្តរបស់យើង ដូច្នេះហើយ គណៈបញ្ជាការឯកភាពខេត្ត និងស្នងការដ្ឋាន បានត្រៀមរួចជាស្រេចគ្រប់ជំនាញ គ្រប់វិធានការផងដែរ។
ជាមួយនេះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមចូលរួមអនុវត្តទៅតាមសេចក្តីណែនាំអំពីការងារសណ្តាប់ធ្នាប់ ការងារចរាចរ ជាពិសេសអនុវត្តទៅតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចនៅតាមគោលដៅនិមួយៗ៕