(ភ្នំពេញ)៖ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនជនមានពិការភាពនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្ដ្រីសំនៀងជនពិការ ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការផ្ដល់អំណោយមនុស្សធម៌នេះ គឺជាលើកទី១៨ បើគិតចាប់ពីឆ្នាំ២០១៤មក ហើយការផ្ដល់ជូនដល់ជនមានពិការភាពនៅថ្ងៃនេះ ក៏ស្របគ្នាទៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានជិតមកដល់នាសប្ដាហ៍ក្រោយនេះ។ជាពិសេសការចុះមកសំណេះសំណាលនាពេលនេះ គឺអនុវត្ដន៍តាមអនុសាសន៍ និងការផ្ដាំផ្ញើរបស់សម្ដេចកិត្ដិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគិតគូរមិនលរំលងទោះក្នុងកាលៈទេសៈណាក៏ដោយ អ្នកម្ដាយមនុស្សធម៌ តែងនឹកឃើញ និងខ្វល់ខ្វាយពីការខ្វះខាតរបស់កូនចៅជាជនមានពិការភាព ដែលងាយរងគ្រោះបំផុត។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា។
ទឹកចិត្ដប្រកបដោយព្រហ្មវិហារធម៌របស់មាតាមនុស្សធម៌ បានធ្វើឱ្យសមាគមតន្ដ្រីសំនៀងជនពិការរំភើបក្ដុកក្ដួលស្រក់ទឹកភ្នែក និងថ្លែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅ ពិសេសបានគូសរម្លឹកនូវប្រសាសន៍របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងអំឡុងសម្ដេចបានអញ្ជើញចុះមកសួរសុខទុក្ខដោយផ្ទាល់កាលពីកន្លងទៅថា «ក្នុងបេះដូងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺមានកូន(ជនមានពិការភាព)ជានិច្ច»។ នេះបើតាមការបញ្ជាក់របស់លោកស្រី ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
ក្នុងឱកាសនោះដែរលោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចពុក និងចង់ចាំមិនភ្លេចពេញមួយជីវិតកូនចៅជនមានពិការភាពទាំងអស់ ចំពោះទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា កន្លងមកនេះទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនដែលទុក្ខកូនចៅចោលឱ្យកំព្រា រងារឯកានោះទេ។ ពិសេសលោកបានស្រមៃឃើញថា អ្នកម្ដាយមនុស្សធម៌កម្ពុជា គឺមានសម្រស់ស្រស់ស្អាតណាស់ សំដីសំដៅទន់ភ្លន់គ្មានពីរ និងបេះដូងបរិសុទ្ធ ប្រកបដោយក្ដីករុណា។
កន្លងមក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រៅពីផ្ដល់នូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកា គឺបានផ្ដល់ជាអគារមួយខ្នង ដែលសាងសង់លើទឹកដីដ៏ធំទូលាយ មានទាំងបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាត កន្លែងសិក្សារៀនសូត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ និងថវិកាមិនដែលដាច់នោះឡើយក្នុងមួយ១ឆ្នាំៗ។ដោយការគិតគូរខ្វាយខ្វល់ពីសុខទុក្ខមិនដែលរំលងនេះហើយ ទើបបានធ្វើឱ្យជនមានពិការភាពទទួលបានភាពកក់ក្ដៅទាំងផ្លូវកាយ និងផ្លូវចិត្ដ ព្រមទាំងទទួលបានសិក្សារៀនសូត្រនូវចំណេះជំនាញ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត។
សូមជម្រាបថាក្នុងឱកាសចុះសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ ជូនជនមានពិការភាពខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏ពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»។
សម្រាប់អំណោយដែលនាំយកមកប្រគល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្ដ្រីសំនៀងជនពិការ រួមមាន៖ អង្ករ ៣តោន អង្ករសុខភាព ២០កេស មី២០កេស ត្រីខ ៥កេស ទឹកស៊ីអុីវ១០យួរ ទឹកបរិសុទ្ធ ២០កេស ទឹកក្រូច ២០កេស ផ្លែក្រូច ៥០គីឡូក្រាម ឃីត ១៥០កញ្ចប់ និងថវិកាចំនួន ១០លានរៀល។ ជាមួយគ្នានេះជនមានពិការភាព ៩០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ថវិកា២ម៉ឺនរៀល។ នាឱកាសនោះដែរឧត្តមសេនីយ៍ទោ វេជ្ជ. នៅ កំសាន្ត បានប្រគល់នូវឧបករណ៍សម្រាប់ធ្វើចលនាជនពិការមួយឈុត ជូនដល់សមាគមផងដែរ៕