(ភ្នំពេញ)៖ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលសម្ភារផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន ដែលមានដូចជា ស្ទីកឃ័រ QR Code App NoDrug ខិត្តបណ្ណ បដាប្រឆាំងគ្រឿងញៀន ផ្ទាំងរូបភាពតាំងពិព័រណ៍សម្រាប់ប្រើប្រាស់ផ្សព្វផ្សាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។
កម្មវិធីប្រគល់ទទួលនេះ ធ្វើឡើងរវាងក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារអិលអូអិលស៊ី ដឹកនាំដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ។
លោក សុខ វឿន បានបង្ហាញសេចក្តីសោមនស្សរីករាយ និងបន្តចូលរួមជួយឧបត្ថម្ភដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននូវសម្ភារផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន នៅតាមកម្មវិធីថ្នាក់ជាតិក៏ដូចជាមូលដ្ឋាន ក្នុងគោលបំណងចូលរួមលើកកម្ពស់ការយល់ដឹងអំពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជនកុំឲ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពី សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ថ្នាក់ដឹកនាំនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ដែលតែងតែជួយឧបត្ថម្ភដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់យកទៅប្រើប្រាស់ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា សម្ភារៈដែលទទួលបាននៅពេលនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងគោលដៅចំនួនពីរ មានដូចជា៖
* ១៖ សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីបិទនូវ Sticker QR CODE NoDrug នៅលើរថយន្តក្រុង ដែលជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ដើម្បីពួកគាត់អាចទាញយកប្រើប្រាស់ យល់ដឹងបន្ថែម និងរាយការណ៍រាល់ករណីគ្រឿងញៀន និងមូលដ្ឋាន
* ២៖ សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយក្នុងតាំងពិព័រណ៍នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងការតាំងពិព័រណ៌នៅមាត់ស្ទឹងសៀមរាប ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩៕