(ភ្នំពេញ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានចូលរួមក្នុងសិក្ខាសាលាស្ដីពី ការពិគ្រោះយោបល់ លើសេចក្ដីព្រាងប្រព័ន្ធវដ្ដករសាស្រ្ដ សម្រាប់ហិរញ្ញាវត្ថុ ប្រកបដោយចីរភាពនៅកម្ពុជា។
សិក្ខាសាលាស្ដីពី ការពិគ្រោះយោបល់ លើសេចក្ដីព្រាងប្រព័ន្ធវដ្ដករសាស្រ្ដ សម្រាប់ហិរញ្ញាវត្ថុ ប្រកបដោយចីរភាពនៅកម្ពុជានេះ រៀបចំឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីភ្ញៀវកិត្តយសជាច្រើនរូបទៀត។
លោក យឹម លាត បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះជាសិក្ខាសាលាជុំទី២ នៃការពិគ្រោះជាមួយភាគីពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តក្នុងការអភិវឌ្ឍន៍និក្ខេបបទ ដែលនឹងណែនាំរបៀបវារៈហិរញ្ញវត្ថុបៃតងរបស់កម្ពុជា។
លោកបានបន្ដថា «ថ្ងៃនេះខ្ញុំសូមលើកយកវិធានការសំខាន់ៗ មួយចំនួនដែលរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជាបានអនុវត្ត ប្រទេសកម្ពុជា ទោះបីជាប្រទេសបញ្ចេញកាបូនទាបក៏ដោយ ក៏មានការប្តេជ្ញាចិត្ត ចំពោះគោលដៅរួមនៃអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយកំពុងចាត់វិធានការយ៉ាងសកម្ម ចំពោះការបញ្ចេញកាបូន។ រដ្ឋាភិបាលនឹងបង្កើនគម្របព្រៃឈើពី៤០% ទៅ ៦០% នៃផ្ទៃដីរបស់ប្រទេស ដោយដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ បង្កើនប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតពី ៦០% ទៅ ៧០% ជាមួយនឹងភាគច្រើនដែលត្រូវផ្គត់ផ្គង់ ដោយពន្លឺព្រះអាទិត្យ បញ្ឈប់ការសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី និងជំរុញគោលនយោបាយ អំណោយផលសម្រាប់រថយន្តអគ្គិសនី ដែលជាផ្នែកនៃផែនការលើវិស័យដឹកជញ្ជូន»។
លោកបានបន្ដថា ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងជានិយតករធនាគារ ខិតខំកសាងក្របខណ្ឌ និងបរិយាកាសអំណោយផល ដើម្បីប្រមូលហិរញ្ញវត្ថុចាំបាច់ ដើម្បីបំពេញតម្រូវការអាកាសធាតុ តាមមហិចតារបស់រដ្ឋាភិបាល។ នៅឆ្នាំនេះយើងមានគម្រោងអនុវត្តនិក្ខេបបទហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព សម្រាប់វិស័យបីដំបូង ដែលជាប្រធានបទនៃ ការពិគ្រោះយោបល់នៅថ្ងៃនេះ ផ្សព្វផ្សាយផែនទីបង្ហាញផ្លូវស្តីពី ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីសម្រេចបាននូវតម្រូវការរបស់យើង៕