(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចូលរួមជាផ្លូវការ ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការតភា្ជប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ (Regional Payment Connectivity-RPC) ក្នុងគោលដៅពង្រឹងបន្ថែមនូវសមាហរណកម្មហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកនៃគម្រោងនេះ ធ្វើឡើងបន្ទាប់ពី ធនាគារជាតិនៃកម្ពុជា បានផ្ញើលិខិតបញ្ជាក់ពីបំណងក្នុងការចូលរួម ទៅបណ្តាធនាគារកណ្តាល ជាសមាជិកដទៃទៀត។ ធនាគារជាតិនៃកម្ពុជា បានប្រកាសពីការចូលរួម ចុះអនុស្សរណៈយោគយល់គ្នា បន្ថែមទី៤ ស្តីពី កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃុំអរកូតដំណាក់កាលទី២ រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល លើកទី១២ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
តាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការបញ្ចូលធនាគារជាតិនៃកម្ពុជា ជាសមាជិកក្នុងកិច្ចសហប្រតិបត្តិការ តភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ បានបង្កើនចំនួនសមាជិកធនាគារកណ្តាលអាស៊ាន ក្នុងគម្រោងនេះដល់ប្រាំបួន។ បន្ទាប់ពីត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០២២ ដោយធនាគារកណ្ដាលឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ គម្រោង RPC បានទទួលសមាជិកភាពបន្ថែមពីធនាគារកណ្ដាលវៀតណាម ក្នុងខែសីហាឆ្នាំ២០២៣ ធនាគារកណ្តាលព្រុយណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ និងធនាគារកណ្តាលឡាវ ក្នុងខែមេសា ឆ្នាំ២០២៤។
ការកើនឡើងនៃសមាជិកភាពចូលរួម ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់នេះ បានបង្ហាញពីសក្ដានុពលនៃ ការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសដទៃទៀតនៅក្នុងអាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់ និងជំរុញសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។
កិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ ក្នុងតំបន់ មានគោលបំណងសម្រួលការទូទាត់សងប្រាក់ឆ្លងដែនឱ្យបានកាន់តែលឿន ក្នុងតម្លៃសមរម្យ មានតម្លាភាព និងប្រកបដោយបរិយាបន្ន។
ចាប់តាំងពីពេលបង្កើតឡើង គម្រោងនេះបានជំរុញ និងពន្លឿនដំណើរអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ តាមរយៈមធ្យោបាយទូទាត់ឃូអរកូត (QR) និងការទូទាត់រហ័សជាដើម។ គម្រោង RPC បានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ព្រមទាំងបង្កើនលទ្ធភាពពង្រីកទីផ្សារ បានកាន់តែទូលំទូលាយ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការផ្ទេរប្រាក់កាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា «ការចូលរួមក្នុងគម្រោង តភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ក្នុងតំបន់ នឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឱ្យប្រព័ន្ធទូទាត់សងប្រាក់ កាន់តែមានភាពប្រទាក់ក្រឡាគ្នាក្នុងតំបន់អាស៊ាន»៕