(បាត់ដំបង)៖ ផ្សារកសិករដែលស្ថិតក្នុងខេត្តបាត់ដំបង បង្កើតឡើងដោយសមាគមនិរន្តភាពដី ដើម្បីជីវិត អនុញ្ញាតឱ្យកសិករ ចូលលក់ដោយឥតគិតថ្លៃឈ្នួល ប៉ុន្តែកសិករត្រូវតែគោរពនូវលក្ខខណ្ឌ រាល់បន្លែ ឬផលិតផលកែច្នៃ មិនត្រូវប្រើប្រាស់សារធាតុគីមីឡើយ ពោលគឺ អនុញ្ញាតឱ្យលក់តែបន្លែសេរីរាង្គ បន្លែសុវត្ថិភាព និងបន្លែធម្មជាតិប៉ុណ្ណោះ។

លោក​ ឈឿន សុភាព ​មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមនិរន្តរភាពដីដើម្បីជីវិតបានឱ្យដឹងថា ការបង្កើតផ្សារកសិករនេះឡើង​ គឺកាត់បន្ថយការលក់ទៅឈ្មួញកណ្តាល ដើម្បីធ្វើឱ្យកសិករទទួលបានផលចំណេញច្រើនពី របរធ្វើកសិកម្មរបស់ខ្លួន។

លោកបន្ថែមថា ចំពោះកសិករដែលអនុញ្ញាតឱ្យចូលមកលក់ក្នុងផ្សារនេះ ​នឹងត្រូវបានក្រុមការងារចុះទៅពិនិត្យការដាំដុះ និងកន្លែងកែច្នៃ ជាក់ស្តែង​នៅតាមទីតាំងរបស់​ពួកគាត់ ដើម្បីធានាថា បន្លែ ឬផលិតផលកែច្នៃដែលបានដាក់លក់នៅផ្សារនេះ ​មិនប្រើប្រាស់សាធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។

អ្នកស្រី ច្រែង តូច កសិករមួយរូបដែលផលិតបន្លែសេរីរាង្គបានឱ្យដឹងថា ការដាក់លក់បន្លែនៅក្នុងផ្សារនេះ ទទួលបានតម្លៃល្អប្រសើរជាងការយកទៅលក់នៅផ្សារធម្មតា។ អ្នកស្រីអំពាវនាវឱ្យមានការគាំទ្របន្លែសុវត្ថិភាព ដែលឡើងដោយកសិករ ដើម្បីរក្សានិរន្តរភាពផ្សារនេះ និងលើកកម្ពស់ជីវភាពកសិករ។

ផ្សារកសិករ ឬហៅថាផ្សារចុងសប្តាហ៍ បើកលក់រៀងរាល់ថ្ងៃសៅរិ៍ និងអាទិត្យ​ចាប់ពីព្រឹករហូតដល់ល្ងាច៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមនិរន្តរភាពដីដើម្បីជីវិត កសិករ និងអ្នកប្រើប្រាស់ ដូចតទៅ៖