(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងអំពាវនាវដល់សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋចូលរួមសហការតាមចាប់ក្រុមជនល្មើសបរបាញ់សត្វព្រៃ ដែលបានផ្ទុះអាវុធជាច្រើនគ្រាប់ទៅលើមន្ត្រីឧទ្យានុរក្ស។
ការប្រកាសថ្កោលទោស និងអំពាវនាវឱ្យមានចំណាត់ការទៅក្រុមជនល្មើសបរបាញ់សត្វព្រៃនេះ បានកើតមានក្រោយពេលវីដេអូបង្ហាញនូវហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់រវាងក្រុមជនល្មើសបរបាញ់សត្វព្រៃ និងមន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីកាលពីពេលថ្មីនេះ។
ក្នុងវីដេអូនោះ បានបង្ហាញនូវហេតុការណ៍បាញ់តបតគ្នារវាងក្រុមជនល្មើសបរបាញ់សត្វព្រៃ និងមន្ត្រីឧទ្យានុរក្សជាច្រើនគ្រាប់។ ក្រសួងបរិស្ថាន ចាត់ទុកទង្វើរបស់ក្រុមជនល្មើសបរបាញ់សត្វព្រៃនេះ ជាអំពើដ៏ឃោរឃៅគំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់ ដែលបាននិងកំពុងបំពេញតួនាទីក្នុងនាមជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់នេះ។ ក្រសួងបរិស្ថាន អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។
បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ក៏មានហេតុការណ៍ផ្ទុះអាវុធរបស់ក្រុមជនល្មើសបរបាញ់សត្វព្រៃ ហើយបណ្តាលឱ្យមន្ត្រីឧទ្យានុរក្ស៣រូបបានស្លាប់បាត់បង់ជីវិត។
បើតាមក្រសួងបរិស្ថាន នៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីនេះ មន្ត្រីឧទ្យានុរក្សតែងប្រទះឃើញក្រុមជនល្មើសបរបាញ់សត្វព្រៃជាញឹកញាប់ប្រដាប់ដោយកាំភ្លើង។
ក្នុងនោះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសិក្សាស្រាវជ្រាវជីវៈចម្រុះ មានមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារស្រាវជ្រាវ ក៏បានប្រទះឃើញ ជនសង្ស័យចំនួន៤នាក់ មានភ្លើងអាកា AK ចំនួន ៣ដើម ម៉ូតូចំនួន ៣គ្រឿង និងសាច់សត្វព្រៃចំនួន ២បេកន្លះក្នុងភូមិសាស្ត្រខាងលើផងដែរ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឃើញគ្រោងឆ្អឹងសត្វទន្សោងចំនួន ១ក្បាល ទីតាំងនៅត្រពាំងកណ្ដាលព្រៃព្រិច ត្រូវបានគេបាញ់សម្លាប់ ហើយពន្លះយកសាច់អស់ និងបានឃើញសម្បកគ្រាប់កាំភ្លើង AK ចំនួន ១គ្រាប់។
បើទោះបីមានការប្រឹងប្រែងទប់ស្កាត់ និងផ្សព្វផ្សាយយ៉ាងណា ក៏នៅតែមានការបរបាញ់សត្វព្រៃ។ បទល្មើសនៅតែបន្តមាន ក៏ព្រោះតាមអាហារដ្ឋានជាច្រើន ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត សត្វព្រៃនៅតែជាទីពេញនិយមរបស់ភ្ញៀវ។
អ្នកតាមដានបញ្ហាសង្គម បានលើកឡើងថា បើចង់ទប់ស្កាត់ការបរបាញ់សត្វព្រៃ ត្រូវបញ្ឈប់ការបរិភោគ បញ្ឈប់ការលក់តាមអាហារដ្ឋាននានា តាមរយៈការអនុវត្តច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត៕