(ព្រះវិហារ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានសម្រាប់ការងារជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៥០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ក្រាលដីល្បាយថ្មភ្នំ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូមូលភ្លោះ១កន្លែង និងលូមូលទោល១កន្លែង ចាប់ពីផ្លូវប្រសព្វទាំង៤ទិស នៅខាងមុខអធិការដ្ឋានស្រុកសង្គមថ្មី ទៅដល់ចុងភូមិដា (អូរកំបោរ) ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ​។​

នាឱកាសនោះ លោក ប៊ុន ច័ន្ទវណ្ណៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែគិតគូរយកចិត្តទុកដាក់​ពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅតាមជនបទនានា។​

លើករដ្ឋលេខាធិការ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងយកចិត្តទុកដាក់​លើកា សម្រេចឱ្យបានតាមចក្ខុវិស័យ​របស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។​

ក្នុងនាមលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន, លោក ប៊ុន ច័ន្ទវណ្ណៈ បានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមអមសងខាងផ្លូវដែលកំពុងបើកការដ្ឋាន សូមមេត្តាចូលរួមសហការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជំរុញឱ្យដំណើរការ អនុវត្តគម្រោងនេះ ទទួលបានជោគជ័យតាមផែនការ និងសុំការអធ្យាស្រ័យយោគយល់ពីប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍គម្រោង នូវរាល់ការរំខាន និងរាល់ការប៉ះពាល់ផ្សេងៗ ក្នុងអំឡុងពេលនៃការអនុវត្តការងារ។

លោករដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​ ក៏បានសំណូមពរអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមថែរក្សានូវសមិទ្ធផលទាំងឡាយ ដែលបានកសាងកន្លងមក ពិសេសសមិទ្ធផលថ្មីនេះ បន្ទាប់ពីបញ្ចប់ការដ្ឋាន សំដៅធានាឱ្យការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានាមានភាពងាយស្រួល៕