(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានស្នើដល់សេវាករដែលជាអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍ ៣ចំណុចសំខាន់ៗ រួមមានទី១៖ ត្រូវចូលរួមគាំទ្រនូវផលិតផល ដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករ នៅក្នុងខេត្ត,​​​ ទី២៖ រួមគ្នាប្រើប្រាស់ពូជស្រូវ «នាងនូរ« ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់ សម្រាប់ភ្ញៀវទេសចរ​​​​ និងទី៣៖ ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកំពត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពត។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានស្នើដល់អ្នកទទួលបដិសណ្ឋារកិច្ចនៅគ្រប់ទីកន្លែងត្រូវស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរ ដើម្បីថែរក្សាវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាបង្ហាញដល់ទេសចរបរទេស ម្យ៉ាងវិញទៀតរក្សាបាននូវកិត្តិសព្ទ និងកេរ្តិ៍ឈ្មោះខេត្ត ដែលមានភាពទាក់ទាញភ្ញៀវទេសចរដែលកំពុងមានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

លោកអភិបាលខេត្ត បានលើកឡើងថា ខេត្តកំពត​​​​ ក្រោមកិច្ចចង្អុលការដោយផ្ទាល់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារយៈពេលកន្លងមកវិស័យទេសចរណ៍ ត្រូវបានរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗ ប្រកបដោយគុណភាព ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗ ត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។ ហើយទន្ទឹមនឹងខេត្តទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ គឺអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមសហការគ្នាផ្តល់សេវា ដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ មកពីតាមបណ្តារាជធានី-ខេត្តនានា មកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្ត ក្នុងទ្រង់ទ្រាយធំ ព្រមទាំងខេត្តមានគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤២កន្លែង រួមនឹងសមិទ្ធផលទេសចរណ៍ឯកជាច្រើន បានលេចចេញជារូបរាង និងទាក់ទាញខ្លាំងរួមមាន៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក, នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ពិសេសសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតដែលកំពុងមានភាពទាក់ទាញ ហើយនឹងបើកដំណើរការជាផ្លូវការក្នុងពិធីកំពតសង្ក្រាន្តនេះដែរ គឺសួនបាញ់ទឹករ៉េរាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌៕