(ព្រះវិហារ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល និងសំដែងរបាំត្រុដិ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ភស័ក ព.ស២៥៦៨ គ.ស២០២៥ ខាងមុខនេះ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងភរិយា ព្រមទាំងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការមន្រីជាប់កិច្ចសន្យា មន្ត្រីចូលនិវត្តន៍ ជាច្រើនរូបទៀត។
នៅក្នុងឱកាសនៃពិធីនេះ ក៏មានការនិមន្តព្រះសង្ឃចំនួន០៥អង្គរ សូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រីជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាមួយនឹងការសំដែងរបាំត្រុដិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ផងដែរ។
លោក សំ លាងទ្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គ និងប្រគេនបច្ច័យកសាងចំនួន១០០០ដុល្លា និង៥១៥០០០រៀល ជូនមន្ត្រីចូលនិវត្តន៍ក្នុងម្នាក់ៗថវិកាចំនួន១០មុឺនរៀល និងទឹក្រូច១កេស ជូនក្រុមរបាំត្រុដិ ថវិកាចំនួន៨០មុឺនរៀល និងទឹកក្រូចចំនួន២០កេស ជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។
លោក សំ លាងទ្រី ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រីជាប់កិច្ចសន្យា និងបុគ្គលិកទាំងអស់ ក្រោមឱវាទនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង ជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មីនេះ៕