(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤កន្លងមក ការនាំទំនិញចេញ និងចូលឆ្លងកាត់តាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។
ការឱ្យដឹងបែបនេះរបស់លោកអភិបាលខេត្តតាកេវ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារសហប្រតិត្តិការឆ្នាំ២០២៤ និងលើកទីសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០២៥ រវាងថ្នាក់ដឹកនាំខេត្តតាកែវ និងថ្នាក់ដឹកនាំខេត្តអាយ៉ាងដែលដឹកនាំដោយលោក ហូ វ៉ាំងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង របស់វៀតណាម នៅរសៀលថ្ងៃ អង្គារ៍ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តតាកែវ។
លោកអភិបាលខេត្តតាកែវ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ទំនិញដែលបាននាំចេញនាំចូលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន-ទិនបៀន ច្រកទ្វារព្រំដែនទ្វេភាគីកំពង់ក្រសាំង-វិញហូយដុង និងច្រកទ្វារតំបន់ព្រំដែនបាក់ដៃ-បាក់ដាយ នៃខេត្តតាកែវ និងខេត្តអានយ៉ាន មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក»។
លោក វ៉ី សំណាង បានបន្តថា ដើម្បីជំរុញការនាំចេញ និងការនាំចូលទំនិញរវាងខេត្តទាំងពីរ សមាគមអាជីវករខេត្តអានយ៉ាង និងសភាពាណិជ្ជកម្មខេត្តតាកែវបានជួបជុំគ្នាដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីរចនាសម្ព័ន្ធចាត់តាំងរបស់សមាគមខេត្តទាំងពីរ និងពិភាក្សាលើមុខទំនិញស្វែងរកដៃគូពាណិជ្ជកម្ម និងការនាំចេញទំនិញទៅកាន់ខេត្តនីមួយៗហើយកាន់តែច្រើនឡើងផងដែរ។
នៅក្នុងកិច្ចប្រជុំនោះអាជ្ញាធរខេត្តតាកែវ និងខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់បន្តិចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៤ លើវិស័យមួយចំនួនដូចជា៖ សន្តិសុខ កណ្ដាប់ធ្នាប់សង្គមតាមព្រំដែន ការងារពាណិជ្ជកម្ម សិកម្ម ការងារវប្បធម៌ ទេសចរណ៍ សុខាភិបាល ការបោះបង្គោល និងខណ្ឌសីមាព្រំដែន កិច្ចសហប្រតិបត្តិការស្រុកជាប់ព្រំដែន និងការស្វែងរុកអដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាផងដែរ ជាពិសេសភាគីទាំងខេត្តទាំងពីរ បានប្ដេជ្ញាចឹត្តបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រកទ្វាព្រំដែនដោយផ្អែកលើសក្ដានុពលរវាងខេត្តទាំងពីរឱ្យបានកាន់តែល្អប្រសើរជាងមុនថែមទៀត៕