(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកនៃក្រុមប្រឹក្សាភិបាល និងគណៈកម្មការប្រតិបត្តិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងនិវត្តជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមប្រមាណ ៥០០រូប។
លោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគម តំណាងលោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម បានគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់សមាគមដែលសម្រេចបានកន្លងមក រួមមាន៖
(ទី១) ការបន្តពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសមាគម តាមរយៈការពិនិត្យកែសម្រួលជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធដឹកនាំ និងលក្ខន្តិកៈសមាគម
(ទី២) ការកើនឡើងជាលំដាប់នៃចំនួនសមាជិករបស់សមាគម ពោលគឺកើនពី ១៥៦រូប ក្នុងឆ្នាំ២០១១ ដល់ ៧,៧៨០រូប គិតត្រឹមឆ្នាំ២០២៤ ក្នុងនោះសមាជិកជាស្ត្រីចំនួន ២,៣៦១រូប, និងធនធានហិរញ្ញវត្ថុកាន់តែមានស្ថានភាពល្អប្រសើរ និងរឹងមាំ ដែលបានផ្ដល់លទ្ធភាពគ្រប់គ្រាន់សម្រាប់បង្កើនកម្រិតគាំទ្រ និងអត្ថប្រយោជន៍កាន់តែច្រើនឡើងដល់សមាជិក
និង(ទី៣) ការអនុវត្តសកម្មភាពរបស់សមាគមកាន់តែមុតស្រួចឆ្ពោះទៅសម្រេចបានចក្ខុវិស័យ តាមរយៈការដាក់ចេញ និងការអនុវត្តនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិប្រចាំឆ្នាំជាបន្តបន្ទាប់ ពិសេស ថ្មីៗនេះ បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៤-២០២៨ ដើម្បីបន្តអនុវត្ត ក្នុងអាណត្តិទី៥ នៃក្រុមប្រឹក្សា-ភិបាល។ ក្នុងឆ្នាំ២០២៤ ក្រុមការងារនៃសមាគម បានចុះសួរសុខទុក្ខនិវត្តជនដោយផ្ទាល់ដល់មូលដ្ឋានរាជធានី ខេត្ត ប្រមាណ ១,១០០រូប និងបានផ្ដល់ការឧបត្ថម្ភដល់សមាជិកជួបការលំបាកសរុប ៥៦៨ករណី គិតជាទឹកប្រាក់ឧបត្ថម្ភ សរុប ៨២៥ លានរៀល ក្នុងនោះរួមមានជាអាទិ៍៖ ការឧបត្ថម្ភសមាជិកចូលនិវត្តន៍, សមាជិកសម្រាលកូន, សមាជិកមានជំងឺ ឬគ្រោះថ្នាក់ចរាចរ, និវត្ដជន ឬក្រុមគ្រួសារទទួលមរណភាពជាដើម។
ក្នុងឱកាសសំណេះសំណាលនេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបង្ហាញនូវការនឹករលឹក និងគុណូបការៈដ៏ថ្លៃថ្លាចំពោះនិវត្តជន ដែលបានរួមចំណែកយ៉ាងធំធេញ ក្នុងការធ្វើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបានសមិទ្ធផលជាច្រើនមកដល់បច្ចុប្បន្ននេះ។
ទន្ទឹមនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសមិទ្ធផលគន្លឹះៗរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងរបបសន្ដិសុខសង្គមនានា ដែលបានសបញ្ជាក់ឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលមិនត្រឹមតែមិនបានមើលរំលងគុណបំណាច់របស់និវត្តជន ប៉ុន្តែថែមទាំងបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងថែមទៀតចំពោះនិវត្តជន ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅដើមនីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅដំឡើងបៀវត្សអប្បបរមាជូនមន្ត្រីរាជការ រហូតដល់ប្រមាណ ១លាន ៣សែន ៩ ម៉ឺនរៀល នៅឆ្នាំ២០២៥ សម្រាប់មន្ត្រីរាជការទូទៅ និង រហូតដល់ប្រមាណ ១ លាន ៤ សែន ៩ ម៉ឺនរៀល សម្រាប់គ្រូបង្រៀននិងគ្រូពេទ្យ។ ខណៈដែលប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានដំឡើងដល់ ៨២ម៉ឺន ៥ពាន់រៀល នៅឆ្នាំ២០២៤ ជាមួយថវិកាគ្រោងបន្ថែមឆ្នាំ២០២៥ ចំនួន១០០ ប៊ីលានរៀល រួមទាំងការបង្កើនជាបន្តបន្ទាប់នូវកញ្ចប់ថវិកាសម្រាប់អនុវត្ត «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម»។
ជារួមរបបសន្តិសុខសង្គមត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់រួមមាន៖ (ទី១) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខ និងសង្គម, (ទី២) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់កម្មករនិយោជិត និង មន្ត្រី សាធារណៈ, និង(ទី៣) របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។
ក្នុងស្មារតីនេះ កម្មវិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាឱកាសនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញពីការតបស្នងនូវគុណបំណាច់ និងរំលឹកអំពីការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់និវត្តជន ក្នុងការអភិវឌ្ឍប្រទេសឱ្យទទួលបានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។ ឆ្លៀតឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូននិវត្តជន និងបាននាំយកអំណោយជាថវិកាជូនដល់និវត្តជន និងបានផ្ដាំផ្ញើឱ្យរក្សាសុខភាព ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ សូមឱ្យនិវត្តជនទាំងអស់ជួបប្រទះតែសុខសុវត្ថិភាព មានស្មារតី និងអារម្មណ៍ជ្រះថ្លា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានភាពចម្រុងចម្រើនបន្ថែមទៀត។
សូមគូសបញ្ជាក់ថា សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១១ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានចក្ខុវិស័យច្បាស់លាស់ គឺ «លើកតម្កើងគុណតម្លៃនៃមិត្តភាព សាមគ្គីភាព និងសង្គហៈធម៌ នៃបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» និងមានគោលបំណងចម្បងចំនួន ៣គឺ៖
ទី១- ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទី២- ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យកាន់តែរីកចម្រើន និងរឹងមាំឡើង
ទី៣- ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជូនដល់បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជួបការលំបាក តាមគោលការណ៍ដែលមានចែងក្នុងលក្ខន្តិកៈសមាគម៕