(តាស្កិន-អ៊ូសបេគីស្ថាន)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញទទួលជួបលោក មហាមេដ អ៊ូល អឺរ៉ាឈីត (Mohamed Ould Errachid) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាម៉ារ៉ុក សម្ដែងការគួរសមនិងពិភាក្សាការងារ នៅស្របពេលដែលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥០ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។ កិច្ចពិភាក្សាបានផ្តោតលើតួនាទីរបស់សភា ជាពិសេសការលើកកម្ពស់ការទូតសភា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក ដែលមានផលប្រយោជន៍រួម។

អនុប្រធានទី១ ព្រឹទ្ធសភា បានជម្រាបជូនអំពីអាទិភាពចម្បងទាំង២ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន។ លោកអនុប្រធានទី១ ព្រឹទ្ធសភា បានរំឭកអំពីជំនួបរវាងលោក ជាមួយលោក ហាសសាន បេណូម៉ារ (Hassan BENOMAR) តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុកសម្រាប់សភានិយាយភាសាបារាំង (APF) ក្នុងឱកាសសម័យប្រជុំប្រចាំឆ្នាំ លើកទី៤៩ នៃ APF នៅទីក្រុងម៉ុងរ៉េអាល កាលពីខែកក្កដា ឆ្នាំ២០២៤ ដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាបង្កើតក្រុមមិត្តភាពនៃព្រឹទ្ធសភាទាំងពីរ និងឱ្យមានការចុះអនុស្សារណៈយោគយល់គ្នាស្តីពីការរៀបចំឱ្យមានកិច្ចពិគ្រោះនយោបាយជាទៀងទាត់ក្នុងក្របខ័ណ្ឌក្រុមមិត្តភាពព្រឹទ្ធសភាទាំងពីរ។

លោក មហាមេដ អ៊ូល អឺរ៉ាឈីត បានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងត្រៀមខ្លួនបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយ រំពឹងថា ក្រុមមិត្តព្រឹទ្ធសកម្ពុជា-ម៉ារ៉ុក នឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗ។

ប្រធានព្រឹទ្ធសភាម៉ារ៉ុក បានជម្រាបជូនថា ព្រះរាជាណាចក្រម៉ារ៉ុកនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាលើកទី៣ នៃកិច្ចសន្ទនាសភាត្បូង-ត្បូង ក្រោមប្រធានបទ «កិច្ចសន្ទនាអន្តរតំបន់ និងអន្តរទ្វីបនៃបណ្តាប្រទេសភាគខាងត្បូង ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ និងដើម្បីសម្រេចឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍរួម» ដោយលោកសង្ឃឹមថា នឹងមានគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម៕