(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងចំអកដាក់ឱ្យ សម រង្ស៊ី ជាច្រើនចំណុច នៅ ក្នុងប្រសាសន៍ថ្លែងជាសាធារណៈមួយបង្ហាញថា សម រង្ស៊ី ដែលអួតខ្លួនឯងថាជាបណ្ឌិតសេដ្ឋកិច្ច ប៉ុន្តែបែរជាមិនយល់នូវអ្វីដែលជា«អត្រាឱនភាពជញ្ជីងពាណិជ្ជកម្ម»។ ម្យ៉ាងទៀត សម រង្ស៊ី ដែលតែងស្រមៃទាំងយប់ទាំងថ្ងៃ ចង់ធ្វើជានាយករដ្ឋមន្ត្រីថែមទៀតនោះ បែរជាមិនដឹងថាតើការកិច្ចការជានាយករដ្ឋមន្ត្រីនោះជាអ្វី និងមានទំហំប៉ុណ្ណានោះឡើយ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ក្នុងប្រសាសន៍ថ្លែងជាសាធារណៈមួយដែលត្រូវបានគេចាត់ទុកថា ដើម្បីជាមេរៀនប្រដៅខ្លះដល់អ្នកនយោបាយចាស់វស្សា សម រង្ស៊ី ដែលចូលចិត្តតែនិយាយក្អេងក្អាងមិនប្រមាណមាឌនោះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានសញ្ញាបត្រខ្ពង់ខ្ពស់ជាង សម រង្ស៊ី បាន លើកឡើងនូវចំណុចខុសឆ្គងជាច្រើន ដែលប្រព្រឹត្តឡើងដោយបុគ្គលឈ្មោះ សម រង្ស៊ី។

ភ្លើងសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា បើទោះបីជាត្រូវបានពន្លត់អស់ទាំងស្រុងនាចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំប្រទេសមានសន្តិភាពពិតប្រាកដ និងការជួយស្តារការអភិវឌ្ឍប្រទេស រយៈពេល២៦ឆ្នាំរួចមកនេះក៏ដោយ ប៉ុន្តែក៏នៅមានមនុស្សមួយក្តាប់តូច ដែលគេស្គាល់ថាជា ក្រុមជ្រុលនិយម ដឹកនាំដោយ សម រង្ស៊ី នោះ បានព្យាយាមស្វះស្វែងរកឧបាយកលទុច្ចរិតគ្រប់ពេលវេលា ដើម្បីតែចង់បណ្តេញសន្តិភាព ដែលខ្មែររកបានដោយលំបាកនោះឱ្យចេញពីប្រទេស ដែលពលរដ្ឋកំពុងរស់នៅដោយសុខសាន្ត ប៉ុន្តែល្បិចកលរបស់ពួកគេត្រូវបានបរាជ័យជាបន្តបន្ទាប់។

ល្បិចកលដ៏កខ្វក់របស់ក្រុមជ្រុលនិយម គឺអំពើសាបព្រួសនូវព័ត៌មានមិនពិត ព័ត៌មានចោទប្រកាន់ព័ត៌មានលាបពណ៌ខ្មែរនិងខ្មែរឱ្យឈ្លោះប្រកែកគ្នា, លាបពណ៌អាក្រក់ដាក់មកលើខ្មែរ ដើម្បីឱ្យបរទេសនិងសាធារណមតិយល់ច្រឡំ ដូចជារឿងដំឡើងអត្រាពន្ធ ៤៩% របស់សហរដ្ឋអាមេរិកចុងក្រោយនេះជាដើម ដែលមេខ្លោងក្រុមជ្រុលនិយម និងបក្ខពួកនិយាយមូលបង្កាច់ថា ដោយសារតែកម្ពុជា បានដាក់ពន្ធខ្ពស់ដល់ ៩៧% លើទំនិញអាមេរិកនាំចូលប្រទេសកម្ពុជា ដែលការចោទនោះ គឺខុសពីការពិតទាំងស្រុង នៃការអនុវត្តអត្រាពន្ធដារបស់ក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដែលជាសមាជិកស្របច្បាប់មួយរូបនៃអង្គការពាណិជ្ជកម្មពិភពលោក។

ក្រុមជ្រុលនិយម ដើម្បីតែចង់ឱ្យគេឃើញថា សម្តីចោទប្រកាន់របស់ពួកគេជាពិសេសសម្តីរបស់មេខ្លោង សម រង្ស៊ី ពិតជាមានទម្ងន់នោះ បានអួតអាងថា មេកើយឈ្មោះ សម រង្ស៊ី របស់ពួកគេនោះ គឺជាអ្នកយល់ច្បាស់អំពីសេដ្ឋកិច្ចភ្លឺច្បាស់ដូចថ្ងៃថែមទៀត។ អ្វីដែលគួរឱ្យហួសចិត្តទៀតនោះ គឺក្រុមជ្រុលនិយម ថែមទាំងបានប្រើសម្តីនិយាយបន្តុះបង្អាប់ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងចោទថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនបានធ្វើអ្វីសោះឡើយពាក់ព័ន្ធនឹងការដំឡើងអត្រាពន្ធ ៤៩% ក្នុងការនាំទំនិញចូលក្នុងសហរដ្ឋអាមេរិក។

* សម រង្ស៊ី មិនស្គាល់ «អត្រាឱនភាពជញ្ជីងពាណិជ្ជកម្ម» Trade Deficit
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា អត្រាពន្ធលើទំនិញនាំចូលក្នុងប្រទេសកម្ពុជាមានចន្លោះពី ០% រហូតដល់ ៣៥% ខណៈពន្ធលើទំនិញអាមេរិកដែលកម្ពុជាបានអនុវត្តមានប្រមាណ ២៩,៤% តែប៉ុណ្ណោះ។ កម្ពុជា បានច្រានចោលនូវការចោទប្រកាន់ដែលនិយាយថា ការដំឡើងអត្រាពន្ធ ៤៩% ក្នុង ការនាំទំនិញកម្ពុជាចូលរបស់សហរដ្ឋអាមេរិក គឺដោយសារតែកម្ពុជា បង្កើនពន្ធ ៩៧% ដាក់លើទំនិញអាមេរិកចូលមកក្នុងកម្ពុជានោះ។

សម្តេចបវរធិបតី បានថ្លែងចំអកថា សម រង្ស៊ី ដែលបក្ខពួករបស់ខ្លួនអួតអាងឯងថា ជាបណ្ឌិតសេដ្ឋកិច្ច ប៉ុន្តែបែរជាមិនយល់អំពីអ្វីជា «អត្រាឱនភាពជញ្ជីងពាណិជ្ជកម្ម» Trade Deficit និងថាអ្វីដែល សម រង្ស៊ី តែងស្រមៃទាំងយប់ទាំងថ្ងៃ ចង់ធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែមិនដឹងថា តើការកិច្ចការជានាយករដ្ឋមន្ត្រីនោះ ជាអ្វី និងមានទំហំប៉ុណ្ណានោះឡើយ។ ថ្លែងក្នុងសុន្ទរកថាមួយថ្ងៃទី៧មេសាឆ្នាំ២០២៥, សម្តេចបវរធិបតី បានមានប្រសាសន៍បង្ហាញប្រាប់ «អ្នកច្បាស់សេដ្ឋកិច្ចដូចថ្ងៃ» នោះបានភ្លឺភ្នែកវិញ ដោយសម្តេចបានពន្យល់នូវអ្វីដែល មិនស្គាល់ «អត្រាឱនភាពជញ្ជីងពាណិជ្ជកម្ម» Trade Deficit៖

«អញ្ចឹងឥឡូវ ខ្ញុំនិយាយរឿងនេះ ហេតុអីបានខ្ញុំថាអ្នកនយោបាយ អួតតែអ្នកសេដ្ឋកិច្ចហើយធ្លាប់ធ្វើអតីតសេដ្ឋកិច្ចហិរញ្ញវត្ថុអត់ទាំងយល់ផង។ ឥឡូវខ្ញុំសូមពន្យល់ អាមេរិកថាកម្ពុជាដាក់ពន្ធទៅលើទំនិញអាមេរិក៩៧%…អានេះមិនមែនជាអ្នកត្រាពន្ធដែលគ្រប់ទាំងទំនិញទាំងអស់របស់អាមេរិកចូលមកកម្ពុជា យើងបង់៩៧% ទេបងប្អូនមិនមែនទេ។ អានេះគេហៅថាអត្រានៃឱនភាពជញ្ជីងពាណិជ្ជកម្ម បានន័យថាយើងនាំចេញទៅអាមេរិក ច្រើនជាអាមេរិកនាំចូលមកយើង…គេយកអាចំនួនដែលខុសគ្នាហ្នឹង ចែកជាមួយនឹងចំនួនដែលយើងនាំចូលអាមេរិក គេឃើញថាអាហ្នឹងលំអៀងនៃពាណិជ្ជកម្ម មិនមែនជាអត្រាពន្ធដែលកម្ពុជាដាក់លើទំនិញរបស់អាមេរិកនោះទេ»។

«អាហ្នឹងគេហៅថាអត្រានៃឱនភាពជញ្ជីងពាណិជ្ជកម្ពុជា Trade Deficit។ លោក សម រង្ស៊ី ខ្ញុំសូមបញ្ជាក់ អាហ្នឹងគេហៅអញ្ចឹង វាមិនមែនទំនិញទៅលើទំនិញរបស់អាមេរិកពន្ធទៅលើទំនិញទេ។ លោកដែលអួតថាខ្លួនជាអ្នកសេដ្ឋកិច្ច ហើយមានកូនចៅគេមកនិយាយថា លោកប្រធានខ្ញុំ គឺសម្រាប់សេដ្ឋកិច្ចគឺច្បាស់ដូចថ្ងៃ ហ៊ុន ម៉ាណែត អត់ចេះទេ»។

«អញ្ចឹងណេះ! ខ្ញុំសុំជម្រាបអ្នកយល់ពីសេដ្ឋកិច្ចច្បាស់ដូចថ្ងៃ អាហ្នឹង គឺមិនមែនពន្ធទៅលើរាល់ទំនិញអាមេរិកចូលទេ អានេះគឺគេហៅថាអត្រានៃឱនភាព ឬលំអៀងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយការ Calculate នោះគឺវាអញ្ចឹង។ ខ្ញុំមិនថាលោកល្ងង់ទេ ព្រោះលោកថាខ្ញុំអសមត្ថភាព អញ្ចឹងខ្ញុំសុំគ្រាន់តែជូនជម្រាបអ្នកដែលមានសមត្ថភាព អាហ្នឹងគេ Calculate អញ្ចឹង ហើយគេហៅថា លំអៀងពាណិជ្ជកម្ម»។

ការមិនស្គាល់អំពី «អត្រាឱនភាពជញ្ជីងពាណិជ្ជកម្ម» Trade Deficit បាននាំឱ្យមានការចង់ដឹង ខ្លះថា តើ សម រង្ស៊ី ដែលអួតអាងខ្លួនឯងកប់ពពកលើចំណេះដឹងខាងវិស័យសេដ្ឋកិច្ចនោះ តើមានសញ្ញាបត្រខ្ពស់របស់ខ្លួនត្រឹមណា?

* ប្រវត្តិសិក្សាបង្ហាញថា សម រង្ស៊ី រៀនផ្នែកសេដ្ឋកិច្ច មានកម្រិតទាបជាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បើនិយាយអំពីប្រវត្តិការសិក្សារបស់ សម រង្ស៊ី ការស្រាវជ្រាវបានបង្ហាញថា បុគ្គលរូបនេះ បានទទួលសញ្ញាបត្រ Bachelor’s Degree តាមរយៈការបញ្ចប់សិក្សាពីវិទ្យាស្ថានសិក្សានយោបាយ (Science Politics) ក្នុងក្រុងប៉ារីសនៃប្រទេសបារាំង និងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម MBA ពីសាលាធុរកិច្ច INSEAD (Institute Européen d'Administration des Affaires) ដែលស្ថិតក្នុងក្រុងប៉ារីស នៃប្រទេសបារាំង។

បើប្រៀបធៀបនឹងប្រវត្តិសិក្សារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចដឹកនាំរាជរដ្ឋាភិ បាលអាណ្ណត្តិទី៧ បច្ចុប្បន្នមានសញ្ញាបត្រផ្នែកសេដ្ឋកិច្ចនេះយ៉ាងហោចចំនួន២ ច្រើនជាង សម រង្ស៊ី និងក្នុងនោះសញ្ញាបត្រមួយ គឺសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យញូយ៉ក និងសញ្ញាបត្រមួយទៀតនៃបណ្ឌិតសេដ្ឋកិច្ច PhD ពីសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ សម្តេចបវរធិបតី ដែលតែងមានប្រសាសន៍ដាក់ខ្លួនជានិច្ចជាកាលនោះ គឺមានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច PhD ប៉ុន្តែសម រង្ស៊ី ដែលមិនមានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច PhD នោះទេ ប៉ុន្តែត្រូវបានបក្ខពួកអួតថា ជាបណ្ឌិតដែលយល់អំពីរឿងសេដ្ឋកិច្ចច្បាស់ដូចថ្ងៃ។

បើរៀបរាប់ត្រឹមតែការយល់ដឹងផ្នែកសេដ្ឋកិច្ច, សម្តេចបវរធិបតី មានសញ្ញាបត្រនិងការយល់ដឹងលើសពី សម រង្ស៊ី ទៅហើយ នោះមិនរាប់បញ្ចូលទាំងប្រវត្តិសិក្សាដែលទទួលបានសញ្ញា បត្រផ្នែកបណ្ឌិតយោធា Military Academy ពីសាលាបណ្ឌិតសភាយោធាអាមេរិកនៅ West Poin នោះឡើយ។ យោងតាមលិខិតសម្ងាត់មួយរបស់សម្តេចបវរធិបតីកាលពីឆ្នាំ១៩៩៤ ផ្ញើមកកាន់ឪពុកម្តាយរបស់លោក និងក្រោយមក ត្រូវបានសម្តេចតេជោ ទម្លាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា សម្តេចបវរធិបតី ដែលពេលនោះ កំពុងសិក្សានៅក្នុងសកលវិទ្យាល័យ ឯក្នុងក្រុងញូវយ៉កនោះ នៅបានឆ្លៀតសិក្សានូវមុខវិជ្ជាវិទ្យាសាស្រ្តនយោបាយមួយផងដែរ។

គួរបញ្ជាក់ថា មុខវិជ្ជាផ្នែកវិទ្យាសាស្ត្រផ្នែកនយោបាយ គឺជាមុខវិជ្ជាមួយដែលសម្តេចតេជោ ហ៊ុន សែន បានតម្រូវឱ្យក្រុមគ្រួសារត្រកូល «ហ៊ុន» ទាំងអស់ត្រូវសិក្សាជាចាំបាច់ ដោយសារតែមានគេចង់បង្កើតសង្គ្រាមជាមួយនឹងត្រកូន «ហ៊ុន»។

ដូច្នេះយោងតាមប្រវត្តិសិក្សារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទាំងឡាយនេះ គឺលោក បានសិក្សា ទាំងនៅក្នុងសហរដ្ឋអាមេរិកផង និងចក្រអង់គ្លេសផង ទាំងផ្នែកសេដ្ឋកិច្ច យោធា និងវិទ្យាសាស្ត្រនយោបាយ ដោយទទួលបានសញ្ញាបត្រដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងថែមទៀត។

សរុបមកវិញ វិថីអប់រំរបស់សម្តេចបវរធិបតី បានឆ្លុះបញ្ចាំងពីការបញ្ចូលគ្នាប្រកបដោយតុល្យភាពទាំងផ្នែកយោធា វិទ្យាសាស្ត្រនយោបាយ និងជំនាញសេដ្ឋកិច្ច ដែលមានសារៈសំខាន់ជាទីបំផុតសម្រាប់ការដឹកនាំប្រទេសជាតិដោយផ្ទាល់។ ផ្ទុយទៅវិញការអប់រំរបស់ សម រង្ស៊ី គឺផ្តោតតែទៅលើទ្រឹស្តីតែប៉ុណ្ណោះ ប៉ុន្តែភាពជាអ្នកដឹកនាំ គឺគ្មានបទពិសោធន៍អ្វីទាំងអស់ ហើយមានតែភាពបញ្ចើចបញ្ចើរបស់បក្ខពួករបស់គាត់តែប៉ុណ្ណោះ។ ភាពជាអ្នកដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែត្រូវបានសម្គាល់ដោយការបញ្ជាក់លើក្រដាសតែប៉ុណ្ណោះទេ វិធីសាស្ត្រដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវបានគេ មើលឃើញថា មានភាពឆ្លាតវាងវៃ និងប៉ិនប្រសប់យ៉ាងក្រៃលែងថែមទៀត។

ខណៈមេខ្លោងក្រុមជ្រុលនិយម បាននិយាយទាំងងងិតងងុល ចង់ឱ្យនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាធ្វើកិច្ចការតែម្នាក់ឯងដើម្បីដោះស្រាយការប្រឈមបញ្ហាអត្រាដំឡើងពន្ធរបស់អាមេរិកនោះ, ប្រមុខរាជរដ្ឋាភិបាល បានប្រាប់អ្នកមិនធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីសូម្បីតែមួយវិនាទីនោះ តបទៅវិញថា វិធីសាស្រ្តដឹកនាំដោយឯកឯង មិនមែនជាវិធីសាស្ត្រ ដែលនាយករដ្ឋមន្ត្រី ត្រូវធ្វើកិច្ចការនោះទេ៖

«គាត់រិះគន់ខ្ញុំ ប៉ុន្តែយើងបន្ទោសគាត់មិនកើត ព្រោះគាត់មិនធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីសូម្បីតែមួយវិនាទី អញ្ចឹងគាត់អត់ដឹងថានាយរកដ្ឋមន្ត្រីធ្វើការយ៉ាងម៉េច។ បន្ទោសគាត់ក៏មិនកើត ព្រោះគាត់មិនធ្លាប់អង្គុយកៅអីនាយករដ្ឋមន្ត្រី គាត់គ្រាន់តែស្រមៃ គាត់មានលទ្ធភាពត្រឹមតែធ្វើអ្វីធ្វើខ្លួនឯងទាំងអស់ គូសសរសេរក៏ខ្លួនឯង ថតរូបធ្វើឡើងដើមខ្នុរ លោតទឹកអី ក៏ធ្វើខ្លួនឯង ចេញមកនិយាយមួយថ្ងៃៗនិយាយក៏ធ្វើខ្លួនឯង ព្រោះគាត់អត់មានការងារអីផ្សេងទៀតធ្វើ… ខ្ញុំមានការងារច្រើន ហើយខ្ញុំក៏មានសេនាធិការច្រើនដែលជាជំនាញ បើនាយករដ្ឋមន្ត្រី ធ្វើអី្វត្រូវធ្វើខ្លួនឯងមិនបាច់ដោះស្រាយទេ…បើសិនជាខ្ញុំត្រូវធ្វើស្ពាននេះ មកដឹកនាំធ្វើមេការខ្លួនឯងរាល់ថ្ងៃ មិនបាច់ធ្វើអ្វីទៀតតែម្តងទៅ។

ឥឡូវមុននឹងបកស្រាយជូនទៅគាត់ ខ្ញុំមិនមើលងាយគាត់ទេ តែគាត់មើលងាយខ្ញុំរហូត ខ្ញុំគ្រាន់តែប្រាប់ទៅវិញតាមត្រង់ ព្រោះខ្ញុំនិយាយតែការពិត បើការពិតនេះគិតថាខ្ញុំមើលងាយ អាហ្នឹងដាក់ខ្លួនឯងចុះ ព្រោះមិនដែលធ្វើនាយករដ្ឋមន្ត្រីមួយថ្ងៃ មកបង្គាប់បញ្ជាថានាយរកដ្ឋ មន្ត្រីត្រូវធ្វើអញ្ចេះអញ្ចុះ ហើយពូកែធ្វើ ពូកែបញ្ជា ហើយពូកែយកណាស់ កេងចំណេញណាស់នូវទុក្ខវេទនារបស់ប្រជាជន។ សូម្បីតែប្រជាជនយើង ត្រូវស្លាប់នៅថៃដោយសារបាក់អគារក៏គេមិនបានទុកអានេះឱ្យនៅចោលដែរ។ អាពេលដែលប្រជាជនខ្មែរទាំងអស់មិនថាបក្សណាៗរួមទៅដើម្បីចូលរួមសម្តែងទុក្ខដោះស្រាយទៅ រដ្ឋាភិបាលបញ្ជូនមន្ត្រីការទូត អគ្គរដ្ឋទូតជាមួយនិងទីប្រឹក្សាពលកររបស់យើងហ្នឹងជាមួយនិងថៃ…ទៅដល់កន្លែងកើតហេតុ ហើយចាំសម្រួលភ្លាមថា តើប្រជាជនយើងមានស្លាប់របួសប៉ុន្មាននាក់ យើងជួយដឹកមកធ្វើបុណ្យឬនៅ? បើគាត់មិនបានអីទាំងអស់ កុំកេងចំណេញថា រដ្ឋាភិបាលត្រូវតែដោះស្រាយសងបំណុលចេះៗមកចោទរដ្ឋាភិបាល កេងចំណេញលើបុណ្យសព។

សូម្បីតែឪពុកធំខ្ញុំ គាត់មរណភាពកំពុងកើតទុក្ខលោក សម រង្ស៊ី និងអ្នកនាំពាក្យរបស់គាត់ក៏ឆ្លៀត គេថាមិនចោលពេលវេលានៅក្នុងការកេងចំណេញវាយប្រហារ ចោទជេរដូចគ្នា…តើគុណធម៌នៅត្រង់ណា? ប្រឆាំងៗចុះ ប៉ុន្តែត្រូវដឹងពេលវេលាផង ពេលណាដែលត្រូវធ្វើ? តែនេះអត់ទេ ហើយខ្ញុំគិតថាគាត់ ជាអ្នកនយោបាយចាស់ទុំ ប៉ុន្តែចាញ់អ្នកនយោបាយប្រឆាំងក្រោយៗនេះផង…នែ! គណបក្សភ្លើងទៀន គណបក្សឆន្ទ:ខ្មែរ ចាត់តំណាងទៅគោរពវិញ្ញាណខ័ន្ធ…គេជាគណបក្សដែលប្រឆាំង គេគណបក្សដែលមិនស្របជាមួយនឹងរដ្ឋាភិបាល។ គណបក្សកម្លាំងជាតិចេញលិខិតសម្តែងមរណទុក្ខ គេមិនវាយប្រហារលើគ្រួសារក្នុងពេលនេះ ប៉ុន្តែអ្នកនយោបាយអាយុជិត៨០ឆ្នាំទៅហើយនេះ មិនដឹងអីទាំងអស់»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃទំពាំងស្នងឫស្សីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋសភានីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងការដឹកនាំរាជរដ្ឋាភិបាលបន្តវេន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីតាមរយៈការបោះឆ្នោតសកល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលពេលនោះ ក្នុងចំនួនអ្នកបោះឆ្នោត ៨៤,៥៩% គឺគណបក្សប្រជាជនកម្ពុជាទទួលបានគាំទ្រដល់ ៨២,៣%។ វាដល់ពេលហើយដែល សម រង្ស៊ី ជាមួយនឹងការដឹកនាំរបស់ក្រុមខ្លួនតែងតែបែកបាក់គ្មានពេលឈប់ឈរនោះ ត្រូវទទួលស្គាល់នូវសមត្ថភាពដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បច្ចុប្បន្ន។

គិតត្រឹមខែមេសាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧, នាវាកម្ពុជា ក្រោមការកាច់ចង្កូតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើដំណើរនាំប្រ ទេសដែលមានសន្តិភាព ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ការដឹកនាំប្រកបដោយភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧នេះ គឺជាការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងជាក្តីសង្ឃឹមទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដើម្បីការនាំប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕