(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន»។
កម្មវិធីពិសេសនេះ ត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅក្នុងខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ការគិតគូររៀបចំនូវ «កម្មវិធីពិសេស» នេះ កើតចេញពីមហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ចដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ។
«កម្មវិធីពិសេស» នេះ ក៏ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែលមានលក្ខណៈសាមញ្ញ, ចំគោលដៅ និង ភាពអនុគ្រោះខ្ពស់។
«កម្មវិធីពិសេស» នេះ ត្រូវបានរៀបចំឡើង ដោយឈរលើទស្សនាទានចំនួន ៣ រួមមាន៖
ទី១៖ កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យក្លាយជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយជាតិនានា។
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផលរហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
ទី៣៖ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈរាយប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
«កម្មវិធីពិសេស» នេះ បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយហេតុថា វិស័យទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែម ឱ្យគ្នាទៅវិញទៅមក។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២) ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និងទី៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨ ។
វិធានការទាំង៣ប្រភេទខាងលើ ត្រូវបានគិតគូរ និងអនុវត្តដូចតទៅ៖
* វិធានការទី១៖ វិធានការផ្នែកពន្ធដារ និងពន្ធគយ៖
ការលើកទឹកចិត្តផ្នែកពន្ធដារ និង ពន្ធគយ ត្រូវផ្ដល់ជូនដល់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចចំនួន ៣ប្រភេទ រួមមាន៖ ១. គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចជា គ.ល.គ. ក្នុងវិស័យទូទៅ, ២. គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចក្នុងវិស័យអាទិភាព និង ៣. គម្រោងពង្រីកនៃ គ.ល.គ. ក្នុងឆ្នាំ ២០២៥-២០២៨ ។
លើសពីនេះទៀត សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួន ប៉ុន្តែមិនទាន់ត្រូវបានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារតាមនីតិវិធី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៥ នេះ ដោយទទួលបានការលើកលែងនូវការពិន័យទោសទណ្ឌ, បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។
ក្រោយពីត្រូវបានចុះបញ្ជីពន្ធដាររួចរាល់, សកម្មភាពធុរកិច្ចទាំងនេះ អាចស្នើសុំការលើកទឹកចិត្ត តាមរយៈការចុះបញ្ជីជា គ.ល.គ. ក្នុងឆ្នាំ ២០២៥នេះ។
* វិធានការទី២. ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ៖
រាជរដ្ឋាភិបាល នឹងដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និង មធ្យម, សហគមន៍កសិកម្មទំនើប និងសហគមន៍ទេសចរណ៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ឥណទាន ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍, ស្របតាមអាទិភាព ដែលត្រូវបានកំណត់ក្នុងគោលដៅ ចំនួន៣ រួមមាន៖ ១. គាំទ្រដល់ដំណើរការវិនិយោគ ឬ ការពង្រីកអាជីវកម្ម, ២. គាំទ្រដល់សកម្មភាពប្រមូលទិញ ឬ ស្តុកទុកកសិផល, និង ៣. ជំរុញអាជីវកម្មកែច្នៃ និង/ឬ វេចខ្ចប់។
* វិធានការទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៖
រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការសំដៅចូលរួមកាត់បន្ថយថ្លៃដើម ផលិតកម្ម និង លើកកម្ពស់ផលិតភាពផលិតកម្ម រួមមាន៖ ១. ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច, រួមទាំងការស្នើសុំអាជ្ញាបណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាតនានា ព្រមទាំងការចុះបញ្ជីជា គ.ល.គ.; ២. ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាតផ្សេងៗ ដែលបម្រើដល់ការអនុវត្ត ឬ ការពង្រីកគម្រោង, ៣. ការពង្រឹង យន្តការ ឬ នីតិវិធីដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលជាបន្ទុកបន្ថែមរបស់វិនិយោគិន ក្នុងការចុះបញ្ជី និង ដំណើរការអាជីវកម្ម; និង ៤. វិធានការផ្សេងទៀត។
ជាមួយគ្នានេះ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តវិធានការលើកទឹកចិត្តនៃ «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារ ជំរុញការវិនិយោគក្នុងភូមិភាគឦសាន, ក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាក្រុមការងារដែលទទួលបន្ទុកអនុវត្ត, តាមដាន, ត្រួតពិនិត្យ និងវាយតម្លៃ «កម្មវិធីពិសេស» នេះ និងដើរតួជា «ច្រកចេញចូលតែមួយ» ក្នុងការពិនិត្យ, ការវាយតម្លៃ និង ការអនុម័តគម្រោង, ការផ្ដល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានាជាកញ្ចប់ ទៅលើគម្រោងវិនិយោគ ក្រោមវិសាលភាពនៃ «កម្មវិធីពិសេស» នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និងទីផ្សារក្នុងស្រុក។
ជាក់ស្ដែង ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បរិមាណផលនៃប្រភេទដំណាំទាំងនេះ ក្នុងខេត្តទាំងបួនមានទំហំប្រមាណ ២០ ទៅ ៦០ ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស។ តួលេខនេះ សបញ្ជាក់ច្បាស់ពីផលិតភាព និង ភាពអំណោយផលខ្ពស់ នៃស្ថានភាពដី, កត្តាភូមិសាស្ត្រ និង អាកាសធាតុ ក្នុងតំបន់ភូមិភាគឦសាន ចំពោះដំណាំទាំងអស់នេះ ។
ជាមួយគ្នានេះ ភាពសម្បូរបែប នៃសម្បត្តិធម្មជាតិ រួមមាន៖ អាកាសធាតុត្រជាក់, ខ្យល់បរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និង ដែនជម្រកសត្វព្រៃ ជាដើម បានធ្វើឲ្យខេត្តទាំងបួន ក្លាយជាតំបន់ដែល មានសក្តានុពលទេសចរណ៍ធម្មជាតិ និង អេកូទេសចរណ៍, ជាពិសេសទេសចរណ៍ អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកសម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសតែប៉ុណ្ណោះ៕