(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំដល់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យប្រព្រឹត្តទៅដោយរលូន ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

* ត្រូវពិនិត្យ និងវាយតម្លៃនូវស្ថានភាពរួម នៃការចេញចូលឆ្លងដែនក្នុងអំឡុងពេលមុន និងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចាត់វិធានការឲ្យបានសមស្របដើម្បី ធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមច្រកទ្វារព្រំដែននីមួយៗឲ្យបានល្អប្រសើរ

* ត្រូវសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា កុំឲ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ដោយអាចធ្វើការបង្កើនចំនួនមន្ត្រីប្រថាប់ត្រាផ្តល់ទិដ្ឋាការចេញ ចូលឆ្លងដែន ឬអាចពិភាក្សាជាមួយភាគីថៃដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែនទៅតាម ស្ថានភាពជាក់ស្ដែង

* ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែន

* ត្រៀមរៀបចំកងកម្លាំងមានសមត្ថកិច្ចក្នុងការជួយអន្តរាគមន៍ និងជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយតាមករណី ជាក់ស្ដែងចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើងជាយថាហេតុ

* ធ្វើការណែនាំ និងជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរ ឲ្យនៅដដែលដោយពុំឲ្យមានការដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសហការ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃភាគីថៃអំពីការលើកលែងថ្ល
ទិដ្ឋាការចេញចូល(Re-Entry Permit) ជូនប្រជាពលរដ្ឋខ្មែរនៅពេលចេញចូលឆ្លងដែន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលើកលែងថ្លៃទិដ្ឋាការនេះជូនប្រជាពលរដ្ឋខ្មែរ

* ក្នុងករណីចាំបាច់ ឬផ្អែកតាមស្ថានភាពជាក់ស្ដែង អាចបង្កើតក្រុមការងារឬគណៈកម្មការ ចំពោះកិច្ច ដើម្បីគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ
ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕