(តាស្កិន-អ៊ូសបេគីស្ថាន)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសន្និសីទបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធលើកទី៤ (The 4th Conference of the Non-Aligned Movement Parliamentary Network – NAM-PN)។

សន្និសីទនេះធ្វើឡើងក្រោមការដឹកនាំកិច្ចប្រជុំដោយលោកស្រី សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ និងជាប្រធាន NAM-PN ដោយមានការចូលរួមពីប្រធានសភា អនុប្រធានសភា សមាជិក-សមាជិកាសភា នៃបណ្តាប្រទេសក្រុមចលនាមិនចូលបក្សសម្ព័នចំនួន ៣៨រូប ព្រមទាំងតំណាងស្ថាប័នអន្តរសភាមួយចំនួន។

លោកស្រី សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិក NAM-PN ក្នុងការលើកកម្ពស់ការងារការទូតសភា ដើម្បីដោះស្រាយបញ្ហាប្រឈមចម្បងៗនៃពិភពលោក ស្របតាមស្មារតីនៃក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ និងបានសង្កត់ធ្ងន់ថា ការរៀបចំដោយជោគជ័យជាបន្តបន្ទាប់ នៃសន្នីសីទ NAM-PN ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន បានបញ្ជាក់នូវសារៈសំខាន់ និងភាពចាំបាច់នៃវេទិកានេះ។

នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តម នាឱកាសនោះ ស្តីពី «ការប្រារព្វខួបលើកទី៧០ ឆ្នាំនៃស្មារតីទីក្រុងបាន់ឌុង៖ តួនាទីរបស់សភាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ទីក្រុងបាន់ឌុង», លោក អ៊ុច បូររិទ្ធ បានបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តរបស់សមាជិកសភា និង NAM-PN ចំពោះការគោរពគោលការណ៍នៃសន្និសីទទីក្រុងបាន់ឌុង ជាពិសេសគោលការណ៍សន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោកបច្ចុប្បន្ន ដែលស្មុគស្មាញ និងពោពេញដោយបញ្ហាប្រឈមខ្លាំង។

ជាមួយគ្នានេះ លោកអនុប្រធានទី១ បានសង្កត់ធ្ងន់អំពី៖ (១) ភាពបន្ទាន់ក្នុងការអភិវឌ្ឍក្របខ័ណ្ឌគ្រប់គ្រងឌីជីថលប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន; (២) ការសម្រេចនូវអាទិភាពរួមមួយចំនួន ដូចជា ការពង្រឹងការទូតសភា, ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង, ការប្រកាន់ខ្ជាប់អធិបតេយ្យ, ការលើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន, និងការរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក; និង (៣) ការគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលលើកកម្ពស់ដល់ការអភិវឌ្ឍឈរលើផលប្រយោជន៍របស់ប្រជាជន, ការជំរុញសមាហរណកម្ម ពិភពលោក និងការការពារភាពថ្លែថ្នូររបស់ប្រទេសជាតិទាំងអស់។

សន្និសីទ NAM-PN បានអនុម័ត៖ (១) សេចក្តីព្រាងសេចក្តីប្រកាសទីក្រុងតាស្កិន និង(២) សេចក្តីសម្រេចស្តីពីការយល់ព្រមបន្តអាណត្តិ សម្រាប់រយៈពេល ៣ឆ្នាំ រួមមាន លោកជំទាវ សាហ៊ីបា ហ្កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ជាប្រធាន NAM-PN និងអនុប្រធានចំនួន ៣រូបទៀត (មកពីសភាវេណេហ្សូអេឡា, សភាជាន់ទាបលីប៊ី, និងក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន)៕