(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំសិល្បករ-សិល្បការិនីរៀបចំ «សង្ក្រាន្តសមាគមសិល្បករខ្មែរ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗនេះ។
នៅក្នុងឱកាសដ៏សប្បាយរីករាយនេះ ក៏មានការអញ្ជើញចូលរួមសពីសំណាក់សិល្បកររៀមច្បង និងសិល្បករ-សិល្បការិនីជាច្រើនរូប ដោយមានទាំងការពិសារអាហារបែបខ្មែរជុំគ្នា លេងល្បែងប្រជាប្រិយខ្មែរ និងការរាំកម្សាន្តនូវចង្វាក់ប្រពៃណីផងដែរ ដែលធ្វើឱ្យបរិយកាសទាំងមូលប្រកបដោយភាពអធិកអធម ស្និទស្នាលយ៉ាងក្រៃលែង។
នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធានបានគោរពជូនពរសិល្បករ សិល្បការិនីទាំងអស់ នៅក្នុងឱកាសឆ្នាំប្រពៃណីជាតិ សូមសមប្រកបតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ភាពសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ចការងារ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងថា ថ្ងៃនេះយើងបានជួបជុំគ្នា ដើម្បីរៀបចំសង្ក្រាន្តឆ្នាំថ្មី សមាគមសិល្បករខ្មែរ ក្នុងគោលបំណង ដើម្បីជាការរួមគ្នាថែរក្សា ការពារ សិល្បៈវប្បធម៌ ប្រពៃណី ជាតិខ្មែរ ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍ និងដើម្បីជាការជួបជុំគ្នានៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ សំដៅបង្កើនមនោសញ្ចេតនាគោរពស្រលាញ់ សាមគ្គីភាពស្និទ្ធស្នាលរវាងគ្នា និងគ្នាបង្ហាញនូវភាពសប្បាយរីករាយជុំគ្នា នៅក្នុងសង្គមមានសុខសន្តិភាពនៅគ្រប់ទីកន្លែង អមដោយសេដ្ឋកិច្ចមានភាពរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ។
ជាពិសេសលោកអ្នកឧកញ៉ាប្រធាន ក៏សូមគោរពថ្លែងអំណរគុណ ចំពោះបងប្អូនសិល្បករទាំងអស់ ដែលតែងតែចូលរួមរាល់សកម្មភាពរបស់សមាគមសិល្បករខ្មែរ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ នៃអាណត្តិរបស់លោកជំទាវអ្នកឧកញ៉ាជាប្រធាន។ លោកជំទាវប្រធាន សូមចងចាំជាប់ជានិច្ចនូវស្មារតីលះបង់របស់បងប្អូនសិល្បករខ្មែរទាំងអស់ ក្នុងបុព្វហេតុចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ ឱ្យកាន់តែល្បីរន្ទឺរទាំងលើឆាកជាតិ និងអន្តរជាតិ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នេះ តាងនាមសមាគមសិល្បករខ្មែរ និងក្នុងនាមរូបលោកជំទាវអ្នកឧកញ៉ាផ្ទាល់ សូមលើកហត្ថប្រណម្យបួងសួង វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី តាមជួយបីបាច់អភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរបវរមហាប្រសើរថ្លៃថ្លា ថ្វាយ ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក ព្រះសង្ឃគ្រប់ព្រះអង្គ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមគោរពជូនពរថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ពិសេសសិល្បករសិល្បការិនី ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមអស្ចារ្យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ៕