(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចពិតជាចង់ឃើញថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពិតជាជួយបង្កើត «ចរន្តសេដ្ឋកិច្ច» បានជាក់ស្តែងដល់ភូមិភាគឦសានរបស់កម្ពុជា ហើយជោគជ័យនេះ អាចកើតឡើងបានទាល់តែមានការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងវិស័យឯកជន។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យ អនុវត្តន៍ ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កង្វះខាតធនធានមនុស្ស ជាពិសេសសម្រាប់កសិកម្ម និងកសិ-ឧស្សាហកម្ម គឺជាចំណោទមួយ ហើយកម្មករយើងភាគច្រើន ចង់ទៅធ្វើការនៅទីប្រជុំជន ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ការលើកទឹកចិត្ត ដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២,០០០,០០០រៀល និងបម្រើការងារនៅក្នុង គ.ល.គ. ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយនៃខេត្តទាំង៤ នៅភូមិភាគឦសាន។ ដូច្នេះ ការដាក់ចេញនូវគោលនយោបាយ គឺជារឿងមួយ ប៉ុន្តែ ការអនុវត្តជាក់ស្តែង គឺជារឿងមួយទៀត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាចង់ឃើញកម្មវិធីពិសេសនេះ ជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន ពិតជាជួយបង្កើនចរន្តសេដ្ឋកិច្ច បានជាក់ស្តែងដល់តំបន់ភូមិភាគឦសាន របស់យើង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជោគជ័យនេះអាចកើតឡើងបានទាល់តែមានការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងវិស័យឯកជន។ ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ខ្ញុំចង់សង្កត់ធ្ងន់ជាពិសេសលើតួនាទីរបស់ផ្នែករដ្ឋដែលត្រូវការពារ ថ្នាក់ថ្នម ថែទាំ និងថែរក្សាអ្នកវិនិយោគ ចៀសវាងរាល់អំពើអសកម្មទាំងឡាយដែលបង្កដល់ការរំខានការប្រកបអាជីវកម្មរបស់ធុរជន អភិក្រមរក្សចាស់ បង្កើតថ្មី គឺជាភាពចាំបាច់ យើងត្រូវការពារវិនិយោគិន ដែលមានស្រាប់បង្កើនទំនុកចិត្តក្នុងនាមជាតួអង្គចូលរួមដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កបញ្ហា»។
ទន្ទឹមនឹងនេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនុកចិត្តនេះនឹងក្លាយជាការផ្សាយពាណិជ្ជកម្មពីកម្ពុជា ចេញពីមាត់មួយ ទៅមាត់មួយទៀតដោយឯកឯង នៅក្នុងចំណោមសហគមន៍ធុរកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រុមការងារ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីជំរុញការអនុវត្តនូវវិធានការនានា ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនេះឱ្យសម្រេចបានជោគជ័យ និងលទ្ធផលជាក់ស្ដែងតាមការរំពឹងទុក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ, និងផ្ដល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅប្រទេសដើម្បីលើកកម្ពស់ការយល់ដឹង និងទាក់ទាញការចូលរួមអនុវត្តពីកម្លាំងចលករសំខាន់ៗ ព្រមទាំងខិតខំស្វែងរកគំនិតនវានុវត្តន៍ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ វិនិយោគិនទាំងលើទិដ្ឋភាពសមិទ្ធិលទ្ធភាពនៃពាណិជ្ជកម្ម (com mercial viability) និងគុណតម្លៃនៃខ្សែច្រវាក់ផលិតកម្ម ដែលផ្សារភ្ជាប់ជាមួយនឹងទីផ្សារ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តទាំង៤ នៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។ ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងខេត្តទាំង៤ រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និងចេកអំបូងលឿងជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកប ដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និងទីផ្សារក្នុងស្រុក។
ជាក់ស្ដែង ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បរិមាណផលនៃប្រភេទដំណាំទាំងនេះ ក្នុងខេត្តទាំង៤មានទំហំប្រមាណ២០ ទៅ ៦០ភាគរយ នៃបរិមាណផលសរុបទូទាំងប្រទេស។ តួលេខនេះ សបញ្ជាក់ច្បាស់ពីផលិតភាព និងភាពអំណោយផលខ្ពស់ នៃស្ថានភាពដី, កត្តាភូមិសាស្ត្រ និងអាកាសធាតុ ក្នុងតំបន់ភូមិភាគឦសាន ចំពោះដំណាំទាំងអស់នេះ ។
ជាមួយគ្នានេះ ភាពសម្បូរបែប នៃសម្បត្តិធម្មជាតិ រួមមាន៖ អាកាសធាតុត្រជាក់, ខ្យល់បរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និងដែនជម្រកសត្វព្រៃជាដើម បានធ្វើឱ្យខេត្តទាំង៤ ក្លាយជាតំបន់ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍, ជាពិសេសទេសចរណ៍ អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកសម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសតែប៉ុណ្ណោះ៕