(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាន ប្រជាជនខ្មែរ។
ថ្លែងនៅព្រឹកថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តកម្មវិធីពិសេសនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការ ដើម្បីសម្រេចជោគជ័យ ស្របតាមគោលបំណង និងគោលដៅដែលបានដាក់ចេញ។
សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាន ប្រជាជនខ្មែរ»។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគ ឦសាន ត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅ ក្នុងខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ការគិតគូររៀបចំនូវ «កម្ម វិធីពិសេស» នេះ កើត ចេញ ពីមហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាព សេដ្ឋកិច្ចដល់បណ្ដា ខេត្ត ដែល ស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធ កម្ម សេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ។
កម្មវិធីពិសេសនេះ ក៏ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែល មានលក្ខណៈសាមញ្ញ, ចំគោលដៅ និង ភាពអនុគ្រោះខ្ពស់។
កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើង ដោយឈរលើទស្សនា ទានចំនួន ៣ រួមមាន៖
*ទី១៖ កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យក្លាយ ជា ខេត្ត ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហ កម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយ ជាតិ នានា។
*ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផល រហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
*ទី៣៖ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈ រាយ ប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន៕