(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី គឺមិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ គឺលើកទឹកចិត្តទាំងអ្នកវិនិយោគក្នុងស្រុក ជាពិសេសអ្នកវិនិយោគនៅក្នុងខេត្តទាំងនោះតែម្តង។
ថ្លែងនាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរៀបចំនេះឡើងគឺឆ្លើយតបនឹងអ្វីដែលជាការចង់បាន ចង់ឃើញរបស់ប្រជាពលរដ្ឋ ហើយយើងបានពង្រឹងខ្លួនឯងដើម្បីយើងដើរទៅមុខ រត់ទៅមុខឱ្យលឿនខ្លួនឯង តាមរយៈការទាញចូលនៅវិនិយោគ ក៏ដូចជាការបង្កើនសកម្មភាព វិនិយោគនៅនឹងកន្លែង។
ជាមួយនឹងកម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅខេត្តភាគឦសាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមបញ្ជាក់ថា ការលើកលែងនិងអនុគ្រោះទាំងអស់នេះមិនមែនសំដៅទៅលើតែវិនិយោគិនពីក្រៅប្រទេសនោះទេ វិនិយោគិនក្នុងប្រទេសក៏យើងលើកឱ្យដូចគ្នា ហើយក៏មិនសំដៅតែវិនិយោគពីក្រៅខេត្តដែរ វិនិយោគិនក្នុងខេត្តក៏យើងកាន់តែលើកទឹកចិត្តទៅទៀត»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើអ្នកក្នុងខេត្តទាំង ៤នេះ ត្រូវការបើករមណីយដ្ឋាន រោងចក្រ ឫកន្លែងកសិកម្ម សូមធ្វើ រាជរដ្ឋាភិបាលនឹងជួយដល់វិនិយោគិនទាំងអស់ ហើយសំខាន់បំផុតរាជរដ្ឋាភិបាលបានដាក់ចេញនូវទុនថវិកា សម្រាប់កម្ចី ក្នុងអត្រាការប្រាក់ដែលទាបនោះគឺសម្រាប់ផ្តោតខ្លាំងទៅលើវិនិយោគិនក្នុងស្រុកនេះតែម្តង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការវិនិយោគ គឺយើងចង់ជំរុញលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដូចនេះខេត្តទាំង៤ ជាពិសេសខេត្តដែលមានសក្តានុពលធនធានធម្មជាតិ សូមធ្វើការគិតគូរពីឱ្យបានច្បាស់លាស់ កំណត់ឱ្យច្បាស់ថា កន្លែងណាជាតំបន់ឧស្សាហកម្ម កន្លែងណាជាកន្លែងទេសចរណ៍ យើងគួរត្រៀមឱ្យបានរួចរាល់ជាមុន។
សូមបញ្ជាក់ដែរថា កម្មវិធីពិសេសនេះត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅក្នុងខេត្តទាំង៤ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ការគិតគូររៀបចំនូវ «កម្មវិធីពិសេស» នេះ កើតចេញពីមហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ចដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និងតាមវិស័យ។ «កម្មវិធីពិសេស» នេះ ក៏ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែលមានលក្ខណៈសាមញ្ញ, ចំគោលដៅ និង ភាពអនុគ្រោះខ្ពស់ និងត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន ៣ រួមមាន៖
ទី១៖ កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យក្លាយជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយជាតិនានា។
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផលរហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
ទី៣៖ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈរាយប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
«កម្មវិធីពិសេស» នេះ បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយហេតុថា វិស័យទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែម ឱ្យគ្នាទៅវិញទៅមក។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោម «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាលនឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២) ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និងទី៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨៕