(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានណែនាំដល់រដ្ឋបាលខេត្តទាំង៤ នៃភាគឦសាន កំណត់ឲ្យច្បាស់អំពី តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តទាំង៤ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវរៀបចំបែងចែកទីតាំងឲ្យបានច្បាស់ ដើម្បីអភិវឌ្ឍន៍សក្ដានុពលក្នុងតំបន់នៃខេត្តទាំងនោះ។
សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំឲ្យខេត្តទាំង៤ ជាពិសេសខេត្តដែលមានធនធានធម្មជាតិ ខេត្តមណ្ឌលគិរី សក្ដានុពល សូមឲ្យធ្វើការគិតគូរពី zoning ឲ្យបានស្រួលបួលផង ដើម្បីយើងថែ កន្លែងណាដែលជាតំបន់ឧស្សាហកម្ម កន្លែងណាដែលជាតំបន់អ្វី យើងត្រៀមឲ្យហើយទៅ កុំយករោងចក្រទៅដាក់នៅលើភ្នំ […] កន្លែងណាទុកឲ្យជាតំបន់ទេសចរណ៏ ធម្មជាតិ និងតំបន់ឧស្សាហកម្មមួយកន្លែង» ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្រសួងដែនដីនគររូបនីយកម្ម ត្រូវគិតគូរសំខាន់បំផុតទៅលើផែនទីប្រើប្រាស់ដី រៀបចំ និងពន្លឿនកិច្ចការទាំងអស់នេះ ដោយផ្ដោតលើលក្ខណៈ Master Plan។ ជាមួយគ្នានេះ ខេត្តមណ្ឌលគិរីដែលសម្បូរតំបន់ទេសចរណ៍ធម្មជាតិនោះ បើមិនបានគិតគូរទុកជាមុន នឹងក្លាយទៅជាតំបន់ដែលលាយយឡំគ្នាជាមួយធម្មជាតិ រោងចក្រ សហគ្រាសជាដើម។
បើតាមប្រសាសន៍របស់ សម្ដេចមហាបវរធិបតី, ខេត្តភាគឦសានទាំង៤នេះ ត្រូវជម្រុញពហុវិស័យ និងផ្ដោតសំខាន់ទៅលើសក្ដានុពលអាទិភាពទាំង៣ រួមមាន៖ កសិឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីទាញផលប្រយោជន៍ អភិវឌ្ឍន៍ខេត្តទាំង៤នេះ៕