(ភ្នំពេញ)៖ លោក Zhang Lianghong ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited បានថ្លែងថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍រកឱកាសវិនិយោគនៅកម្ពុជា។
លោកថ្លែងបែបនេះ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងជំនួបនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្រុមហ៊ុនភាគហ៊ុន នៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះ មានបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍសួនឧស្សាហកម្មធំៗ ដែលយកចិត្តទុកដាក់ខ្ពស់លើដំណោះស្រាយ បរិស្ថាន។ លោកប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការស្វែងរកឱកាសវិនិយោគនៅនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើការការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចបវរធិបតី ក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និងការលើកទឹកចិត្តផ្សេងៗ សម្រាប់វិនិយោគិនបរទេស ជាពិសេសការវិនិយោគលើផ្នែកខ្សែច្រវាក់ផលិតកម្ម ។
សម្តេចបវរធិបតីបានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគលើផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅកម្ពុជា៕