(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន ស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ទំនាក់ទំនងនេះបានក្លាយជាគំរូនៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅចំពោះមុខនិន្នាការគាំពារនិយមដែលកំពុងលេចឡើង។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបណ្ឌិតបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាពិសេសស្តីពី «មិត្តដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ទំនាក់ទំនង កម្ពុជា-ចិន បានវិវឌ្ឍឈានឡើងឥតឈប់ឈរ មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយថែមទាំងជាមិត្តភាពដែកថែប ដូចទឹកទន្លេ មេគង្គ-ឡានឆាងបានហូរបំពេញគ្នាទៅវិញទៅមក ដែលគំរូទំនាក់ទំនងនេះពិតជាមិនអាចបំបែកបាន និងបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដែលអាចធន់នឹងវិបត្តិនិងឧបទ្ទវហេតុផ្សេងៗ។ ទំនាក់ទំនងដ៏ពិសេសនេះបង្ហាញឱ្យឃើញថាទំនាក់ទំនាក់រវាងកម្ពុជា និងចិនឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ពោលគឺកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងវិបុលភាពរួម។

ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា «មិត្តភាពដែកថែប» គឺសំដៅដល់ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងចិន ទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ដោយមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ «មិត្តភាពដែកថែប» នេះយើងអាចឆ្លុះបញ្ចាំងលើទិដ្ឋភាព៥ រួមមានប្រវត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច អភិវឌ្ឍន៍ និងធម្មជាតិ៖

ជាទិដ្ឋភាពប្រវត្តិសាស្រ្តកម្ពុជា និងចិន មានទំនាក់ទំនងគ្នាជាប្រពៃណីទាំងការទូតនិងពាណិជ្ជកម្មពាន់ឆ្នាំមកហើយ។ ទំនាក់ទំនងការទូតទំនើប ត្រូវបានបង្កើត ឡើងជាផ្លូវការនៅឆ្នាំ១៩៥៨ ចាប់ផ្ដើមពីសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសចិន ហើយបន្តមកទៀតនោះគឺសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្ននេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ និងជាអ្វីដែលយើងហៅថា មិត្តដែកថែប។ ថ្នាក់ដឹកនាំប្រទេសទាំងពីរនៅតែបន្តមរតកនៃការតភ្ជាប់ទំនាក់ទំនងឥតដាច់ ត្រង់ចំណុចនេះ លោកបណ្ឌិតសូមគូសបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ពិធីសម្ពោធថ្ងៃនេះ យើងធ្វើនៅក្នុងពេល ២សប្តាហ៍ទៀត ដែលថ្នាក់ដឹកនាំជាន់ខ្ពស់ចិន លោកប្រធានាធិបតី ស៊ី ជិនពីង នឹងមកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ នៅក្នុងគម្រោងទស្សនកិច្ចផ្លូវការ ៣ប្រទេស ម៉ាឡេស៊ី វៀតណាម និងកម្ពុជា ដែលបង្ហាញពីមិត្តភាពរឹងមាំកម្ពុជា-ចិន»។

ជាទិដ្ឋភាពនយោបាយ ទំនាក់ទំនងរវាងកម្ពុជានិងចិន បង្ហាញពីភាពជាដៃគូដ៏ស្វាហាប់និងឆ្ពោះទៅអនាគតរួមគ្នា ដោយឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យភាព ផ្តល់ផលប្រយោជន៍ និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក។ កម្ពុជាតែងតែផ្ដល់ការគាំទ្រប្រទេសចិនចំពោះគោលនយោបាយចិនតែមួយ និងគាំទ្រលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជា គំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកលជាដើម។

ជាទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិនជាប្រទេសវិនិយោគធំជាងគេនៅប្រទេសកម្ពុជា ជាក់ស្ដែង ប្រទេសចិនបានវិនិយោគរាប់ពាន់លានដុល្លារលើផ្លូវថ្នល់ កំពង់ផែ និងអាកាសយានដ្ឋានរបស់កម្ពុជា ក្រោមគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)។ ការវិនិយោគដែលផ្តល់មូលនិធិនិងជំនាញដោយចិននេះ បានផ្លាស់ប្តូរមុខមាត់របស់ប្រទេសកម្ពុជា ដោយបង្កើតការងារនិងជំរុញសម្ទុះសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនផងដែរ។

ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ កម្ពុជាត្រូវការចាំបាច់នូវមិត្តភក្តិបរទេសដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដោយទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាព ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បាននិយាយថា ប្រទេសចិនជា «មិត្តជាទីទុកចិត្តបំផុត» របស់កម្ពុជា។

បន្ថែមលើនេះស្របនឹងទិដ្ឋភាពធម្មជាតិ, លោកបណ្ឌិត យង់ ពៅ ក៏លើកយកកំណាព្យបុរាណចិន១ ឃ្លាបានពោលថា «ភ្នំទាំងឡាយទោះនៅឆ្ងាយពីគ្នា តែស្រស់បំព្រងក្រោមដំណក់ទឹកភ្លៀងរួមគ្នា ដូច្នេះយើងនៅឃ្លាតឆ្ងាយពីគ្នាយ៉ាងម៉េចកើត បើយើងទទួលពន្លឺព្រះចន្ទតែមួយ»។ «ដូចគ្នានឹងប្រជាជនកម្ពុជាតែងនិយាយថា យើងត្រូវរួមវាសនាជាមួយគ្នា ព្រោះយើងរស់ក្រោមដំបូលមេឃតែមួយ ស្រូបយកខ្យល់អុកស៊ីសែនពីលម្ហអាកាសតែមួយ និងផឹកទឹកទន្លេមេគង្គ និងឡានឆាងជាមួយគ្នា។ នេះសបញ្ជាក់ឱ្យឃើញថា ប្រជាជន ក៏ដូចប្រទេសទាំងពីរកម្ពុជា-ចិន ត្រូវតែរួមគ្នាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឈ្នះឈ្នះទាំងអស់គ្នាឱ្យសក្ដិសមជាមិត្តដែកថែបពិតប្រាកដមែន។

លោកបណ្ឌិត យង់ ពៅ ក៏បានជូនជាទស្សនាទានចំពោះ «មិត្តដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី និងឈានទៅកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងវិបុលភាពរួម» ទី១៖ ប្រទេសទាំងពីរបន្តពូនជ្រំគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនង ដែលទាញចេញពីលក្ខណៈពិសេសដោយឡែកនៃប្រជាជាតិទាំងពីរ, ទី២៖ ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ ត្រូវតែបន្តបោះជំហានទៅមុខរឹងមាំស្វាហាប់ក្នុងរង្វង់កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា និងចិនពិតប្រាកដ ក្នុងយុគសម័យថ្មី និងទី៣៖ បន្តជំរុញនិងលើកកម្ពស់គុណភាពទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន និងត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក ជាមូលដ្ឋាន គាំពារគ្នា និងសាមគ្គីភាពរឹងមាំ៕