(តាស្កិន-អ៊ូសបេគីស្ថាន)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជាប្រទេសដែលឆ្លងកាត់សង្គ្រាមអូសបន្លាយជាងពីរទសវត្សរ៍ កម្ពុជាយល់ច្បាស់ណាស់ អំពីគុណតម្លៃពិតនៃសុខសន្តិភាព។ ទំព័រប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះបានធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់ថា «បើគ្មានសន្តិភាព នោះយុត្តិធម៌សង្គម ឬការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចសម្រេចទៅបានទេ។

ការលើកឡើងបែបនេះរបស់ លោក អ៊ុច បូររិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាទូទៅស្តីពី «វិធានការសភាដើម្បីការអភិវឌ្ឍសង្គម និងយុត្តិធម៌» សន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU-150) ទីក្រុងតាស្កិន អ៊ូសបេគីស្ថាន នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

លោក អ៊ុច បូររិទ្ធ បានថ្លែងថា នៅចំពោះមុខនៃការកើនឡើងនៃវិសមភាព និងភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ សភាគួរដើរតួនាទីនាំមុខក្នុងការតាក់តែងគោលនយោបាយនានាប្រកប ដោយបរិយាប័ន្ន ដែលលើកកម្ពស់យុត្តិធម៌ និងពង្រឹងការអភិវឌ្ឍសង្គម។ ទំនួលខុសត្រូវនេះហួសពីការធ្វើផែនការយុទ្ធសាស្ត្រ វាឆ្លុះបញ្ចាំងពីកាតព្វកិច្ចសីលធម៌ដើម្បីធានាថា បុគ្គលគ្រប់រូបទទួលបានលក្ខខណ្ឌមូលដ្ឋានចាំបាច់ដែលត្រូវការ ដើម្បីដឹកនាំជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយអត្ថន័យ។ ការអភិវឌ្ឍសង្គម មិនមែនមានត្រឹមតែជាសូចនាសេដ្ឋកិច្ច តែរួមបញ្ចូលផងដែរនូវសមភាពក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព ការងារសមរម្យ និងកិច្ចគាំពារសង្គមគ្រប់ជ្រុងជ្រោយ។ នៅពេលដែលសសរស្ដម្ភទាំងនេះត្រូវបានពង្រឹងតាមរយៈនីតិកម្ម ដែលប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពសង្គមនឹងកាន់តែមានភាពធន់ មានយុត្តិធម៌ និងកាន់តែមាន «សាមគ្គីភាព»។ អាស្រ័យទំនួលខុសត្រូវរួមនេះ សភាត្រូវតែចាត់វិធានការ មិនត្រឹមតែឆ្លើយតបនឹងបញ្ហាប្រឈមបច្ចុប្បន្ន ប៉ុន្តែកសាងអនាគតដែលពូនជ្រុំដោយសមភាព និងសេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ។

លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា៖ «ជាប្រទេសដែលឆ្លងកាត់សង្គ្រាមអូសបន្លាយជាងពីរទសវត្សរ៍ កម្ពុជាយល់ច្បាស់ណាស់ អំពីគុណតម្លៃពិតនៃសុខសន្តិភាព។ ទំព័រប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ បានធ្វើឱ្យយើងខ្ញុំកាន់តែមានជំនឿជឿជាក់ថា "បើគ្មានសន្តិភាព នោះយុត្តិធម៌សង្គម ឬការអភិវឌ្ឍប្រកបដោយចីរភាពមិនអាចសម្រេចទៅបានទេ"។ អាស្រ័យដោយការជឿជាក់នេះ កម្ពុជាតែងតែចូលរួមសហការយ៉ាងខ្ជាប់ខ្ជួនជាមួយបណ្តាប្រទេសដែលស្រលាញ់ សន្តិភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាពអន្តរជាតិ»

គិតចាប់តាំងពីឆ្នាំ២០០៦ មកទល់ពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវជាង១ម៉ឺននាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅក្នុងបណ្តាប្រទេសមួយចំនួន។ ការណ៍នេះសរបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំចំពោះសាមគ្គីភាពអន្តរជាតិ និងការលើកស្ទួយសន្តិភាពយូរអង្វែង។

លោក អ៊ុច បូររិទ្ធ បានបន្ថែមថា លើសពីនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិការសម្រាប់ការអត់ឱន និងសន្តិភាព ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំមុន ដែលជាការបញ្ជាក់ជាថ្មីបន្ថែមទៀត ពីការប្ដេជ្ញាចិត្តកម្ពុជា ចំពោះកិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការសកល។ ក្នុងអំឡុងសម័យប្រជុំដ៏សំខាន់នេះ កម្ពុជាបានដាក់ចេញនូវធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាក្របខ័ណ្ឌបំពេញបន្ថែមលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាមានមោទនភាពដែលប្រទេសជាច្រើនបានបង្ហាញការគាំទ្រ និងចូលរួមគំនិតផ្តួចផ្តើមនេះ។

លោក អ៊ុច បូររិទ្ធ បានបន្តថា ការអភិវឌ្ឍសង្គម គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃការអភិវឌ្ឍ ប្រកបដោយចីរភាព ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច និងការទទួលខុសត្រូវលើបរិស្ថាន។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនអាចសម្រេចបានដោយពុំមានការដោះស្រាយ តម្រូវការរបស់ជនងាយរងគ្រោះ និងជនក្រីក្របំផុត នោះទេ។

ជាមួយគ្នានេះដែរ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា កម្ពុជាបានទទួលយកទាំងស្រុងនូវរបៀបវារៈឆ្នាំ២០៣០ និងកំណត់ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ជាតិ ដោយរួមបញ្ចូលគោលដៅលើការបោសសម្អាតមីន ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម។ រហូតមកដល់ពេលនេះ កម្ពុជាបានបំផ្លាញគ្រាប់មីនជាង១លានគ្រាប់ និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ៣លានគ្រាប់។ ចំការមីនជាង៣,០០០ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត។ ដីដែលធ្លាប់បង្កគ្រោះថ្នាក់ ឥឡូវនេះបានជួយគាំទ្រដល់កសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅ ស្រោចស្រង់មនុស្សរាប់លាននាក់ឱ្យចេញពីភាពក្រីក្រ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបានរៀបចំ ដោយក្ដីមោទនៈ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូមកពី១៥០ ប្រទេស។ កម្ពុជាបន្តតស៊ូមតិឱ្យមានការគោរពជាសកលចំពោះអនុសញ្ញាអូតាវ៉ា និងការបោសសម្អាតមីនជាសកល។

ការកើនឡើងវិសមភាពមិនត្រឹមតែគំរាមកំហែងដល់ «សាមគ្គីភាពសង្គម» ប៉ុណ្ណោះទេ ប៉ុន្តែគំរាមកំហែងដល់វឌ្ឍនភាពសេដ្ឋកិច្ចរយៈពេលវែង និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ គោលការណ៍យុត្តិធម៌សង្គម ជាយូរមកហើយ បានដើរតួនាទីជាមគ្គុទេស៍នាំផ្លូវសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា។ យើងបន្តដោះស្រាយកាកសំណល់នៃជម្លោះ ភាពក្រីក្រ វិសមភាពយេនឌ័រ បញ្ហាកម្មសិទ្ធិដីធ្លី គម្លាតក្នុងការថែទាំសុខាភិបាល និងការអប់រំ។ បើទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ប្រទេសកម្ពុជាទទួលបាននូវការរីកចម្រើនដ៏ច្រើន ដោយសារភាពជាដៃគូដ៏រឹងមាំជាមួយសម្ព័ន្ធមិត្តអភិវឌ្ឍន៍៕