(កំពង់ចាម)៖ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានពិសារលៀសហាលក្នុងកម្មវិធី «សង្ក្រាន្តកំពង់ចាម» សូមវេចខ្ចប់ហើយយកទៅដាក់ចូល ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ តាមការរៀបចំរបស់មន្ត្រីពាក់ព័ន្ធ ដើម្បីរក្សាអនាម័យ និងបរិស្ថានល្អ។

អភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

អភិបាលរងខេត្ត បានថ្លែងទៀតថា ដោយមានការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម យើងបានរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ដែលមានលៀសចំនួន៣តោន
ក្នុងកម្មវិធី «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស. ២០២៥នេះ។

អភិបាលរងខេត្ត បានបញ្ជាក់ថា លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នឹងត្រូវរៀបចំតែមួយថ្ងៃគត់ គឺនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅវេទិកាអុំទូក ក្រុងកំពង់ចាម សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងកំសាន្តនៅសង្ក្រាន្តកំពង់ចាម អាចពិសារលៀសហាល នេះដោយឥតគិតថ្លៃ ក្នុងនោះក៏មានការរៀបចំថង់ ក្រដាសសម្រាប់វេចខ្ចប់សំបក និងធុងសំរាមនៅគ្រប់ទីតាំង ហើយក៏មានថង់សម្រាប់ច្រកយកទៅផ្ញើអ្នកផ្ទះផងដែរ៕