(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលចិន មិនធ្វើសង្គ្រាម និងមិនយកលុយដុតចោលនៅក្នុងភ្លើងសង្គ្រាម ដូចសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែ ចិន ជាអ្នកកើបប្រយោជន៍សេដ្ឋកិច្ចនៅពេលមានសង្គ្រាមបានកើតឡើង។
ក្នុងឱកាសថ្លែងសុន្ទរកថាបិទវេទិកាពិសេសស្ដីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងវិបុលភាពរួម» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «កុំបារម្ភចិន ធ្វើសង្គ្រាម ចិន មិនធ្វើនោះទេ សុំកុំច្រឡំឱ្យសោះ នៅឆ្នាំ១៩៤៩ ប្រទេសបានរួបរួមគ្នា ដោយប្រធានាធិបតី ម៉ៅ ស៉ីទង មកដល់ថ្ងៃនេះចិន អត់ធ្វើសង្គ្រាមទេ»។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានរម្លឹកឡើងថា សង្គ្រាមនៅយូហ្គោលស្លាវី សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក លើស្ថានទូតរបស់ចិន ប៉ុន្តែ រដ្ឋាភិបាលចិន ធ្វើធម្មតា។ សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ក៏ចិន ធ្វើព្រងើយផងដែរ។ ដូច្នេះ អាចបញ្ជាក់ថា នៅពេលមានសង្គ្រាមកាន់តែផ្ទុះឡើងច្រើន ប្រទេសចិនកាន់តែចំណេញ។
«ពីព្រោះចិន អត់យកលុយទៅដុតក្នុងភ្លើងសង្គ្រាមនោះទេ ចិនយកទីក្រុងហុងកុង ដោយរបៀបសន្តិភាព អាមេរិកទេ ដែលយកលុយទៅដុតក្នុងភ្លើងសង្គ្រាម»។ នេះជាការលើកឡើងបបន្ថែមរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច។
ជាមួយគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានក្រើនរម្លឹកបន្ថែមដល់ប្រជាជន និងយុវជនខ្មែរ ត្រូវតែខិតខំរៀនសូត្រអ្វីៗដែលល្អពីប្រទេសចិន ដើម្បីធ្វើយ៉ាងណាដើរឱ្យទាន់ការប្រែប្រួលរបស់ពិភពលោក ជាពិសេសដំណាក់រីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។ ទំនាក់ទំនងរវាងកម្ពុជា និងចិន កំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃប្រវត្តិសាស្ត្ររួមគ្នារបស់យើង។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា កម្ពុជា និងចិន កំពុងចាប់ផ្តើមលើជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងភាពរុងរឿង ហើយកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងវិបុលភាពរួម ជាកត្តាជំរុញឱ្យមិត្តភាពដែកថែបកម្ពុជា-ចិន កាន់តែរឹងមាំ និងរុងរឿងជាបន្តទៅ ដើម្បីជាសក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យឃើញពីសារសំខាន់ និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការជាជាងការប្រជែងយកឈ្នះចាញ់ និងគាំពារនិយម។ មិត្តភាពកម្ពុជា និងចិន បង្ហាញអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សន្តិសុខ ការទូត ប្រជាជន និងប្រជាជនក្នុងយុគសម័យថ្មី។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ដោយឡែកវេទិកានេះ មិនត្រឹមតែបង្ហាញពីសមិទ្ធផល និងបញ្ហាប្រឈមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ វាក៏បានរៀបចំគោលដៅសម្រាប់ឆ្នាំខាងមុខ នៅចំពោះមុខស្ថានភាពភូមិសាស្រ្តនយោបាយមិនទៀងទាត់ ការប្រកួតប្រជែងអំណាច នយោបាយគាំពារនិយម របាំងពន្ធគយរបស់សហរដ្ឋអាមេរិក ដែលអាចនឹងធ្វើឱ្យមានឱនភាពសេដ្ឋកិច្ចសាកល ភាពអសន្តិសុខទាំងប្រពៃណី និងមិនប្រពៃណី សង្រ្គាមនៅមិនទាន់បញ្ចប់នៅអឺរ៉ុបនៅមជ្ឈិមបូព៌ា គ្រោះធម្មជាតិ ជំងឺរាតត្បាត។ល។ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងនៅតែរឹងមាំ បរិយាបន្ន និងឆ្ពោះទៅមុខ៕