(ព្រះវិហារ)៖​ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក កម្លាំងប្រដាប់អាវុធ អញ្ជើញទៅកាន់ទីសក្ការៈបូជា ពើយលោកតាឌី ខ្នងភ្នំប្រាសាទព្រះវិហារ ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន​ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបណ្តោយព្រំដែន កម្ពុជា-ថៃ​ និងប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

បន្ទាប់ពីបញ្ចប់ពិធីបួងសួង លោកប្រាក់ សុវណ្ណ និងលោក គីម រិទ្ធី ក៏បានឆ្លៀតពេលចុះពិនិត្យស្ថានភាពប្រាសាទបុរាណមួយចំនួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់នោះ ព្រមទាំងបានស្តាប់របាយការណ៍ស្តីពីស្ថានភាពនៃការថែរក្សា ការគ្រប់គ្រង និងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពីសំណាក់មន្ត្រីជំនាញដែលអមដំណើរ ព្រមទាំងបានផ្តល់នូវការណែនាំសំខាន់ៗ សម្រាប់ការថែរក្សាប្រាសាទឱ្យបានល្អប្រសើរផងដែរ។

លោក ប្រាក់ សុវណ្ណ និងលោក គីម រិទ្ធី បានដឹកនាំមន្ត្រីរាជការ បន្តសួរសុខទុក្ខ សំណេះសំណាល ជាមួយកងទ័ពដែលកំពុងឈរជើងក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ ៥មករា ជាទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងស្រុកជាំក្សាន្ត ជាមួយនឹងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួន ព្រមទាំងបានចូលរួមរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងរីករាយផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះដែរលោក គីម រិទ្ធី បានថ្លៃងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនកងកម្លាំងទាំងអស់ទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំងអស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការលះបង់របស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ ក៏ដូចជាប្រទេសជាតិទាំងមូល ហើយវត្តមានរបស់បងប្អូននៅទីនេះ គឺជាខែលដ៏រឹងមាំ ការពារទឹកដី និងផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់កងកម្លាំងទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ខេត្តព្រះវិហាររបស់យើងនឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។

ស្ថិតក្រោមម្លប់នៃសុខសន្តិភាព ដែលកងកម្លាំងទាំងអស់បានខិតខំថែរក្សា ការរាំលេងកម្សាន្តនេះ បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ ស្នាមញញឹម និងភាពសប្បាយរីករាយ បង្កើតបានជាអនុស្សាវរីយ៍ដ៏មានតម្លៃមុនពេលចូលឆ្នាំថ្មីមកដល់។ ភាពសប្បាយរីករាយនេះ ក៏ជាការលើកទឹកចិត្តដ៏សំខាន់មួយដល់កងកម្លាំងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត៕