(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ កំពុងមមាញឹករៀបចំលំអនៅតាមទីតាំងសាធារណៈនានា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា លេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

ក្នុងសកម្មភាពដ៏មមាញឹកពីសំណាក់ក្រុមការងារដែលកំពុងចុះរៀបចំគេពិនិត្យឃើញថានៅតាមដងវិថីសំខាន់ៗក្នុងក្រុងក្រចេះ អគាររដ្ឋ សួនច្បារ ទីអារាម និងតំបន់ទេសចរណ៍សំខាន់ៗកំពុងតែតុបតែងកែល្អដោយបំពាក់ទង់ជាតិទង់ សាសនាភ្លើងជម្រុះពណ៌ និងបដាដោយសរសេរពាក្យថាសួស្ដី ស្វាគមន៍ឆ្នាំថ្មី គ្រប់កន្លែងគ្រប់តំបន់។ សម្រាប់សង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តក្រចេះ នាឆ្នាំនេះ ក្រៅពីមន្ទីរ អង្គភាព វត្តអារាម តំបន់ទេសចរណ៍សំខាន់ៗ បានធ្វើតាមអង្គភាពរៀងៗខ្លួនហើយនោះ។

ក៏ប៉ុន្តែឆ្នាំនេះអាជ្ញាធរខេត្តបានរៀបចំទីតាំងសង្ក្រាន្តដ៏ធំមួយដែលរៀបចំឡើង នៅបរិវេណបឹងកាឡូ សួនច្បារមុខវិមានឯករាជ្យ ដើម្បីឱ្យបងប្អូនចូលលេងកម្សាន្តតាមបែបប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយ។ ទីតាំងសង្ក្រាន្ត ខាងលើនេះ អាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចយាមកាមការពារសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់ចៀសវាងការកើតមានអំពើហិង្សា ឬសកម្មភាពអាណាធិបតេយ្យណាមួយកើតឡើង។

ទោះយ៉ាងណាសម្រាប់ខេត្តក្រចេះ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមកដល់ក្នុងពេលដ៏ខ្លីខាងមុខគេរំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេង និងកម្សាន្តក្នុងខេត្តក្រចេះយ៉ាងច្រើនកុះករ ព្រោះជាអ្វីដែលអាជ្ញាធរ បានរំពឹងទុកប្រកបដោយមោទនភាពនោះ គឺបច្ចុប្បន្ន អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់លោក វ៉ា ថន ជាអភិបាលខេត្ត មានការរៀបចំតុបតែងកែលម្អប្រកបដោយសោភ័ណភាពស្រស់ស្អាត។ ម្យ៉ាងវិញទៀតផ្លូវឈ្ពោះទៅកាន់តំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាពរបស់ខេត្តក្រចេះ គឺព្រែកកាំពីរ និងវិហារធំសសរ ១០០ ទើបតែសាងសង់ រួចរាល់ជាស្ថាពរ១០០ភាគរយ៕