(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈ ប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា មកផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះទីបញ្ជាការយោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូន អង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ នាពេលនោះ រួមមាន៖ ថវិកា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ផងដែរ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានថ្លែងស្វាគមន៍យ៉ាងរាក់ទាក់ និងបានសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ លើការរស់នៅរបស់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជួបការខ្វះខាត និងបានធ្វើឲ្យកងទ័ពមានភាពកក់ក្ដៅ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ បានប្រកាសប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ច លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដើម្បីឆ្លើយតបនិងដឹងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន ចំពោះសម្តេចធិបតី «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៨ និងអាណត្តិបន្តបន្ទាប់ទៅមុខទៀត»

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ចំពោះកងទ័ពទាំងអស់ និងបានថ្លែងកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងពេលសុខសន្តិភាព កងកម្លាំងរបស់យើង តែងតែបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានយ៉ាងជោគជ័យ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថា ក៏បានថ្លែងក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវបន្តគោរពអនុវត្តបទបញ្ញត្តិទាំង១០ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបទបញ្ជាផ្សេងៗ របស់សម្តេចធិបតី ឲ្យបានម៉ឹងម៉ាត់បំផុត ជាពិសេសត្រូវគោរពអនុវត្តឲ្យបានល្អ នូវលក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ៕