(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាអមក្រសួង អគ្គនាយក ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ សរុបចំនួន ២៧៤នាក់។
លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណចំពោះការចូលរួមរបស់ អង្គសិក្ខាសាលាទាំងមូលដែលជាប្រភពថាមពលដ៏សំខាន់ សម្រាប់ការចូលរួមចំណែក ជួយបង្កើនគោលនយោបាយអភិវឌ្ឍន៍ជនបទ ប្រកបដោយគុណភាព ឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្របតាមបរិបទនៃការអភិវឌ្ឍប្រទេសជាតិ។
លោករដ្ឋមន្ត្រី បានគូសបញ្ចាក់ថា ក្នុងបុព្វហេតុនៃអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពកម្ពុជា និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ តាមរយៈយុទ្ធសាស្ដ្រត្រីកោណ និងយុទ្ធសាស្ដ្រចតុកោណទាំងបួនដំណាក់កាល ប្រទេសកម្ពុជាទទួលបានការរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកស្ទួយខ្ពស់ត្រដែតលើឆាកអន្តរជាតិ ។
រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងគោលបំណងឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក ដើម្បីដាក់ទិសដៅជំរុញការអភិវឌ្ឍជនបទឱ្យរីកចម្រើនបន្ថែមទៀត។
លោករដ្ឋមន្ដ្រី បានស្នើដល់អង្គសិក្ខាសាលាទាំងមូល ចូលរួមឱ្យបានសកម្មក្នុងការពិភាក្សា និងផ្ដល់យោបល់ ព្រមទាំងធាតុចូលជាយុទ្ធសាស្ដ្រ និងសំណើរប្រកបដោយន័យស្ថាបនានានា ដើម្បីជួយបំពេញបន្ថែមលើសេចក្ដីព្រាងនៃគោលនយោបាយអភិវឌ្ឍន៍ជនបទនេះ ឱ្យក្លាយជាឯកសារយោង និងមានគុណភាព និរន្ដរភាព និងអាចយកអនុវត្តបានពិតប្រាកដ។
អង្គសិក្ខាសាលា បានដំណើរការដោយមានការធ្វើបទបង្ហាញស្ដីពី សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ជូនដល់អង្គពិធីទាំងមូល ព្រមទាំងមានការចូលរួមមតិយោបល់យ៉ាងផុលផុស ដើម្បីជាធាតុចូលបន្ថែមទៀតលើសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានគុណភាព និងមានសង្គតិភាពទៅនឹងចក្ខុវិស័យ និងយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ពីអង្គសិក្ខាសាលាទាំងមូលរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានទទួលនូវធាតុចូលល្អៗ សម្រាប់កែលម្អសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់នេះ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមការងារតាក់ចែងគោលនយោបាយ រៀបចំកែសម្រួលដោយដាក់បញ្ចូល នូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបានអំពាវនាវដល់គ្រប់ ក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍នានា បន្ដចូលរួមសហការ និងផ្ដល់ធាតុចូលបន្ថែមទៀត ដើម្បីរៀបចំផែនការយៈពេលវែង ឆ្លើយតបទៅនឹងបរិបទនយោបាយ សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យារបស់កម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកដោយ បរិយាបន្ន សមធម៌ និងនិរន្ដរភាព ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវវិស័យ «កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០»៕