(ភ្នំពេញ)៖ លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសហការី បានអញ្ជើញមកជូនពរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលកម្ពុជា កំពុងត្រៀមខ្លួនទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។

លោក ឃួង ស្រេង បានថ្លែងអបអរសាទរ ចំពោះលោក ង្វៀន មិញវូ ដែលត្រូវបានរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងប្រទេសទាំង២ (កម្ពុជា-វៀតណាម) ការពូនជ្រុំសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែង រវាងប្រទេសទាំង២ លើគ្រប់វិស័យ តាមរយៈការជួយគ្នាទៅវិញទៅមក ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរ ឆ្នាំ២០៣០ និង២០៥០ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តវេន ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា លើកឡើងថា លោកបានមើលឃើញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដល់សុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍។ លោកបញ្ជាក់ទៀតថា៖សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងដ៏ស៊ីវីល័យមួយយ៉ាងពិតប្រាកដ នៅអាស៊ីអាគ្នេយ៍៕