(ហ្វីលីពីន)៖ ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី ប្រាប់ឲ្យដឹងបែបនេះ ក្នុងពេលដែលលោក នឹងមន្ត្រីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន២រូបទៀត ទៅចូលរួមកិច្ចប្រជុំលើកទី១៨ នៃបណ្តាញត្រួតពិនិត្យគ្រឿងញៀនអាស៊ាន (18th ASEAN Drug Monitoring Network Meeting) នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ានសរុបចំនួន៤៥រូប ក្នុងនោះកម្ពុជាមាន៣រូប នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងនាមមន្រ្តីជំនាញពីកម្ពុជា ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានប្រាប់ពីគោលបំណងសំខាន់ នៃកិច្ចប្រជុំនោះថា គឺដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពគ្រឿងញៀន និងបច្ចុប្បន្នភាពទិន្នន័យព័ត៌មានគ្រឿងញៀន នៅក្នុងតំបន់តាមរយៈការបញ្ចូល ទៅក្នុងប្រព័ន្ធទិន្នន័យរួមរបស់ ADMN និងពិនិត្យឡើងវិញលើសេចក្តីព្រាងរបាយការណ៍ឆ្នាំ២០២៤ របស់កម្ពុជាដើម្បីដាក់ឆ្លងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីគ្រឿងញៀន ASOD លើកទី៤៦ នាពេលខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានបន្តថា កម្ពុជាក៏បានចែករំលែកពីលទ្ធផលលេចធ្លោរបស់កម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេលមួយឆ្នាំនេះ និងបានលើកយកមកបង្ហាញនូវអត្ថប្រយោជន៍ នៃការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី បានបន្តថា តំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃបណ្ដាប្រទេសអាស៊ានដែលចូលរួមកិច្ចប្រជុំនោះមានការចាប់អារម្មណ៍ខ្លាំងពីApp NoDrug របស់កម្ពុជា ដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នករាយការណ៍ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណ ខុសប្លែកពីបណ្ដាលប្រទេសនានា ដែលមានតែប្រព័ន្ធទូរសព្ទហត់ឡាញប៉ុណ្ណោះ https://nodrugsnacd.com/download_kh។
សូមបញ្ជាក់ថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី៨-១០ ខែមសា ឆ្នាំ២០២៥៕