(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រជាពលរដ្ឋ ជិត ឆ្ងាយ បានចូលរួមរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ នៅបរិវេណប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គនាពេលនេះ គឺក្នុងគោលបំណងដើម្បីសម្តែងនូវការដឹងគុណចំពោះប្រាង្គប្រាសាទបុរាណដ៏ពិសិដ្ឋ ដែលជាកេរដំណែលវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ ក៏ដូចជាដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសយើង ដែលបានសាងប្រាសាទដ៍មហាអស្ចារ្យនេះឡើង។
នៅក្នុងពិធីនេះដែរ គេសង្កេតឃើញពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យនេះ ដោយបាននាំមកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ រួមនិងពិធីដាក់បាត្រព្រះសង្ឃដែលបានបង្ហាញយ៉ាងច្បាស់នូវទឹកសទ្ធាជ្រះថ្លា និងកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាជនខ្មែរដែលជាអ្នកកាន់ុព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា មុននឹងពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គនៅព្រឹកនេះ ពោលកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោក គង់ ពុទ្ធិការអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងព្រះបាឡាត់គុណខេត្តព្រះវិហារ ព្រមទាំងព្រះសង្ឃជាច្រើនអង្គ អាជ្ញាធរស្រុកគូលែន ពុទ្ធបរិស័ទ និងសិស្សានុសិស្សប្រមាណជាង៣០០អង្គ-នាក់ បានរៀបចំប្រុងពលី ធ្វើពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ និងបុព្វបុរសខ្មែ នៅមុខប្រាសាទប្រាង្គនៃរមណីយដ្ឋានប្រាសាទកោះកេរផងដែរ៕