(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរំពឹងទុកថា នៅឆ្នាំ២០២៥ រដ្ឋបាលខេត្ត និងសម្រេចបាននូវលទ្ធផលការងារល្អប្រសើរថ្មីៗ បន្ថែមទៀត ដោយសារការខិតខំ បំពេញការងាររបស់មន្ត្រីទាំងអស់គ្នា ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៥ ក្នុងឱកាសប្រារព្ធពិធី សូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាល ជាមួយមន្ត្រីរាជការ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩។
លោកអភិបាលខេត្ត បានរំលឹកថា ជាទិសដៅក្នុងឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញ ជាការឆ្លើយតបយើងឃើញថា ការអនុវត្តនូវការងារសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ តាមរយៈការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រហូតដែលយើងទទួលបានជ័យលាភី លេខ១ ទាំង១០៩ ឃុំ សង្កាត់ និងមន្ទីរពេទ្យខេត្តកំពង់ចាមរបស់យើង ក៏ទទួលបានពានរង្វាន់ជ័យលាភី លេខ១ ទូទាំងប្រទេស ជាអង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ។
លោកអភិបាលខេត្ត បានយកឱកាសនោះ ថ្លែងកោតសរសើរនៃការខិតខំប្រឹងប្រែង របស់មន្ត្រីរាជការ នៅក្នុងរដ្ឋបាលខេត្តកំពង់ចាម ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងឆ្នាំ២០២៤ កន្លងមក ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ។
លោកអភិបាលខេត្ត បានថ្លែងទៀតថា សមិទ្ធផលដែលខេត្តកំពង់ចាមទទួលបាន យើងអាចនិយាយបានថា ជាសមិទ្ធផលដែលកើតចេញ ពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ពោលគឺ ពីមន្ត្រីរាជការពាក់ព័ន្ធ ពីរដ្ឋបាលខេត្តកំពង់ចាម របស់យើងទាំងមូល៕