(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការនគបាលខេត្ត មន្ទីរអធិការកិច្ចខេត្ត មន្ទីរព័ត៌មានខេត្ត មន្រ្តីនិងយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត រួមគ្នាបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីយុវជន និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណិជាតិខ្មែរខាងមុខនេះ។

នាឱកាសនោះ លោក ស្រ៊ុន សារក្ស អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ដែលធ្វើឡើងនាពេលនេះ ដើម្បីពញាលើស្មារតីបងប្អូនអ្នកធ្វើដំណើរទាំងអស់ ស្របពេពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ។

បន្ថែមពីនោះ លោកបានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូល រួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក រស់ សុខន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះលោក លោកស្រី ដែលបានចំណាយពេលវេលា កម្លាំងកាយ និងឆន្ទៈចូលរួមយុទ្ធនាការនេះ។

លោក រស់ សុខន ឲ្យដឹងថា សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហម កម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០។

លោកបន្ថែមថា ការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបានព្រោះគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំលាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។

គូសបញ្ជាក់ថា ក្នុងយុទ្ធនាការផ្សព្វផ្សាយ បានចែកមួកសុវត្ថិភាព និងខិតប័ណ្ណដល់អ្នកធ្វើដំណើរតាមដងផ្លូវប្រមាណ១២០០នាក់ រួមមាន៖
១៖ ចែកមួកសុវត្ថិភាពចំនួន ៤០មួក
២៖ ស្ទិចឃ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន២០ផ្ទាំង
៣៖ ផ្ទាំងសញ្ញាសិទ្ធិអាទិភាពចំនួន២០ផ្ទាំង
៤៖ ផ្ទាំងថ្មើជើង ចំនួន២០ផ្ទាំង
៥៖ ផ្ទាំងកាត់ទ្រុងរថយន្តចំនួន២០ផ្ទាំង
៦៖ ផ្ទាំងសញ្ញាចរាចរណ៍ចំនួន២០ផ្ទាំង
៧៖ សៀវភៅអ្នកបើកបរទោចក្រក្រយាយន្តចំនួន៤០០ក្បាល
៨៖ សៀវភៅច្បាប់ចរាចរណ៍ចំនួន២០០ក្បាល
៩៖ ស្ទិចឃ័រចំណាំងផ្លាតចំនួន៨០០សន្លឹក
១០៖ ខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ចំនួន២០០ផ្ទាំង
១១៖ ជំនួយស្មារតីស្តីពីចរាចរណ៍ផ្លូវគោក២០០ផ្ទាំង៕