(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក ង្វៀន មិញវូ (NGUYEN MINH VU) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម មកកាន់ដំណែងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។

អភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាគមន៍ ចំពោះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ព្រមទាំងសហការី នៃស្ថានទូតវៀតណាម និងអបអរសាទរ ដែលលោកទទួលបាន សេចក្តីទុកចិត្ត ពីថ្នាក់ដឹកនាំនៃប្រទេសវៀតណាម និងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។

លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ទន្ទឹមនេះ លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ដល់ក្រសួងមហាផ្ទៃកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការ ជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា ក្នុងបុព្វហេតុរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។

លោក ង្វៀន មិញវូ ក៏បានជូនពរលោកអភិសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ លំដាប់ថ្នាក់នៃក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមមាននូវសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យ គ្រប់ភារកិច្ច៕