(ភ្នំពេញ)៖ វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator) និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។
គួរជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ថ្លែងក្នុងកម្មវិធីបិទវេទិកានាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានរៀបចំវេទិកាដ៏មានសារសំខាន់នេះ និងបញ្ចប់ទៅប្រកបដោយភាគជោគជ័យ ទទួលបានលទ្ធផលផ្លែផ្កា។ ការយល់ដឹង បទពិសោធន៍របស់គ្រប់ភាគីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវេទិកានេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីធ្វើជាធាតុចូលទៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator)។
លោកស្រីរដ្ឋលេខាធិការប្រចាំការបានបន្ថែមថា ក្រោមគំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកលនេះដែរ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។ គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកលនេះ មិនមែនជាគំនិតផ្តួចផ្តើមថ្មីទេ ផ្ទុយទៅវិញ វាគឺជាវេទិកាកាតាលីករដែលត្រូវបានបង្កើតឡើងដើម្បីឱ្យរដ្ឋាភិបាល និយោជក អង្គការកម្មករ និងដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការងារសមរម្យ និងប្រព័ន្ធគាំពារសង្គមដែលមានភាពធន់។
លោកស្រីរដ្ឋលេខាធិការប្រចាំការសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកល គឺជាការឆ្លុះបញ្ចាំង និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលផ្តល់អាទិភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចស្របតាមស្តង់ដារអន្តរជាតិ។
បន្ថែមពីនេះទៀត លោកស្រី សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនៃគោលនយោបាយកាតាលីករសកល គឺជាអាទិភាពដ៏សំខាន់មួយ ដើម្បីចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារសង្គមនៅកម្ពុជា និងចូលរួមសម្រេចនូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាផងដែរ៕