(ភ្នំពេញ)៖ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីជំរុញកំណើននៃវិស័យនេះ រួមចំណែកអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥» រៀបចំឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។

យុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ឆ្នាំ ២០២៥-២០៣៥ បានទទួលការឯកភាពពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងសម័យប្រជុំ អាណត្តិទី១ លើកទី២២ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥។

យុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ច មានយុទ្ធសាស្រ្តអាទិភាពចំនួន បួន រួមមាន៖ ១. ការអភិវឌ្ឍទីផ្សារ ប្រតិបត្តិករ និងផលិតផលបរធនបាលកិច្ចថ្មីៗ, ២. ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួម, ៣. ការបង្កើតយន្តការគ្រប់គ្រង និងប្រតិបត្តិការតាមនវានុវត្តបច្ចេកវិទ្យា និង ៤. ការជំរុញនិងពង្រឹងការអនុវត្តច្បាប់ ដែលត្រូវអនុវត្តក្នុងក្របខ័ណ្ឌរយៈពេលខ្លី (២០២៥-២០២៧) រយៈពេលមធ្យម (២០២៨-២០៣១) និងរយៈពេលវែង (២០៣២-៣០៣៥)។

កម្មវិធិសិក្ខាសាលានេះ បានបញ្ចូលកិច្ចពិភាក្សាស្តីពី ទស្សនវិស័យនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ច ដែលមានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច វិស័យអចលនវត្ថុ វិស័យធនាគារនិងហិរញ្ញវត្ថុ និងធុរកិច្ច រួមមាន៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ, លោក សេង យូរ៉ាដែន ប្រធាននាយកដ្ឋានស្ថិរភាពហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា និង ឧកញ៉ា លឹម តុង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយស បានផ្តោតការពិភាក្សាជាសំខាន់លើទស្សនាទានអំពីវិស័យអចលនវត្ថុ ទស្សនវិស័យនៃការអភិវឌ្ឍវិស័យបរធនបាលកិច្ច និងគោលនយោបាយ និងវិធានការយុទ្ធសាស្រ្ត ដើម្បីជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា៕