(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៩ ខែមេសាឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
អញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ខានអន្តរជាតិភ្នំពេញមាន សមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អមដោយ សមាជិកសមាជិការរដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាច្រើនរូបទៀត។
គណៈប្រតិភូអមដំណើរសម្តេចប្រធានរដ្ឋសភា ក្នុងបេសកកម្មការទូតសភានៅលើឆាកអន្តរជាតិនេះមាន លោក សរ ចំរុង ប្រធានគណៈកម្មការទី១ រដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ រដ្ឋសភា លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ រដ្ឋសភា លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា លោកស្រី និន សុផុន ប្រធានគណៈកម្មការទី៩ រដ្ឋសភា លោក ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងទីប្រឹក្សាសម្តេចប្រធានរដ្ឋសភាមួយចំនួនទៀត មានដូចជា លោកបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា លោក ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា ជាដើម។
សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និងអន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព និងវិបុលភាពរួម។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ហើយបានធ្វើការជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ។
នៅក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភានឹងឣញ្ជើញចូលរួមពិធីបើកផ្លូវការ, បន្ទាប់មកត្រូវអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី១, អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ វិបត្តិសាកល និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏នឹងត្រូវអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang Cyber University ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ Hanyang Cyber និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការកសាងសមត្ថភាពនិងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះហត្ថលេខាដោយឯកឧត្តមណ្ឌិត កែវ ពិសិដ្ឋ និងថ្នាក់ដឹកនាំសកលវិទ្យាល័យ។ សម្តេចរដ្ឋសភាធិបតី និងគណ:ប្រតិភូ នឹងឣញ្ជើញចូលរួមពិធីសម្ពោធវិមាន ឈុន វ៉ុន ជុង(Cheon Won Gung ) នៅក្នុងខេត្តខ្យង់គី ផងដែរ។
ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹង ពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម៕