(ជប៉ុន)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកម្មវិធីពិព័រណ៌ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ពីថ្ងៃទី១២ ដល់១៤ ខែមេសា ឆ្នាំ២០២៥។
ទស្សនកិច្ចរបស់អគ្គលេខាធិការអាស៊ាននេះ នឹងរួមមានការចូលរួមជាបន្តបន្ទាប់ ដោយផ្តោតលើការចូលរួមរបស់អាស៊ាន នៅឯពិព័រណ៌ពិភពលោកឆ្នាំ២០២៥ ការទស្សនាពន្លាជាតិរបស់ប្រទេសសសមាជិកអាស៊ាន ព្រមទាំងជំនួបជាមួយតួអង្គពាក់ព័ន្ធផ្សេងៗ ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា។
លោកបណ្ឌិត កៅ គឹមហួន នឹងអញ្ជើញសម្ពោធពន្លាជាតិអាស៊ាន និងផ្តល់សន្ទរកថា ដើម្បីផ្តល់ការគំាទ្រដល់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ នៅក្នុងសប្តាហ៍ពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ ដែលរៀបចំដោយក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី។
ឆ្លៀតឱកាសនៃការស្នាក់នៅទីក្រុងអូសាកា លោកបណ្ឌិត កៅ គឹមហួន ក៏នឹងជួបជាមួយអភិបាលខេត្តអូសាកា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា ដើម្បីជំរុញបន្ថែមទៀតនូវសក្តានុពលរបស់អាស៊ាន រួមមាន ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ជាដើម។
បន្ថែមលើនេះ អគ្គលេខាធិការអាស៊ាន ក៏នឹងជួបជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំង ធ្វើបាឋកថាពិសេស លើប្រធានបទ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន៖ ភាពជាដៃគូសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន» នៅឯសាកលវិទ្យាល័យ Kansai ផងដែរ ដើម្បីជម្រាបជូនពីសាច់រឿងរបស់អាស៊ាន ទៅដល់យុវជនជំនាន់ក្រោយបានដឹង៕