(ភ្នំពេញ)៖ បណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងរបស់លោករដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានសម្របសម្រួលដឹកនាំកម្មវិធីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិស្សមន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ២០០រូប។

កម្មវិធីនេះ ត្រូវបានរៀបចំ ដើម្បីបញ្ជ្រាបការយល់ដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិបទកម្ពុជា ជូនដល់មន្ត្រីក្រមការទាំងអស់ មុនទៅបំពេញមុខងាររបស់ខ្លួនជាមន្ត្រីនៅរដ្ឋបាលក្រុង-ស្រុក ក្រោយបញ្ចប់ការសិក្សា នាពេលខាងមុខ។

កម្មវិធីផ្សព្វផ្សាយនាថ្ងៃនេះ មានការចូលរួមធ្វើបទបង្ហាញលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌនៃការរៀបចំផែនការថិវកា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអគ្គនាយកដ្ឋានជំនាញក្រោមឱវាទ កសហវ. រួមមាន អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ ក៏មានការចូលរួមចែករំលែកបទពិសោធន៍ នៃការរៀបចំផែនការ និងការតាមដាននិងវាយតម្លៃថវិកាសមិទ្ធកម្ម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីអគ្គលេខាធិការ នៃ កសហវ.ដែលជាអង្គភាពហិរញ្ញវត្ថុរបស់ក្រសួងផ្ទាល់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតបានគួសរំលេចថា ក្នុងបរិការ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និង ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម», សមត្ថភាពរបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានសារៈសំខាន់ ជាពិសេសលើការប្រើប្រាស់ថវិកាជាឧបករណ៍គោលនយោបាយ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដសិទ្ធភាព។ ដូចនេះ ការចែករំលែកមេរៀន និងបទពិសោធន៍នៅថ្ងៃនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សិក្ខាកាម យកទៅអនុវត្តបន្ត ក្នុងការបំពេញមុខងាររបស់ខ្លួន។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ព្រមទាំងបណ្ដុះឆន្ទះ និងស្មារតីធ្វើការងារជាក្រុម ដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅវែងឆ្ងាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានថ្លែងអំណរគុណដល់អង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ៤ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចែករំលែកបទពិសោធន៍របស់ខ្លួន ដល់សិក្ខាកាមទាំងអស់ និងបានជូនពរដល់សិក្ខាកាមទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ជួបប្រទះនូវសុវត្ថិភាព និងពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕