(ភ្នំពេញ)៖ ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋ បានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា អនុវត្តទៅតាមការចង្អុលបង្ហាញសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។ ការដឹកជញ្ជូនដោយអត់គិតថ្លៃនេះ បើគិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។
លោក ឃួង ស្រេង បានបញ្ជាក់ថា នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចំនួន៥៩៧គ្រឿង ក្នុងចំនួននេះ បើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញ និងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការចំណាយរបស់ពួកគាត់។ ការងារនេះ មិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ យើងអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។
បន្ថែមពីលើការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នូវបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះ ជំងឺគ្រុនឈាមបានធ្លាក់ចុះ។ ការធ្លាក់ចុះជំងឺគ្រុមឈាមនេះដោយយើងបានបាញ់ថ្នាំសម្លាប់មូសជាប់ជាប្រចាំនៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ រហូតបានទទួលជោគជ័យនិងទទួលបាននូវការគាំទ្រយ៉ាងពេញដំណឹងពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់ ដែលបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានាថយចុះ។ ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប្រជាពលរដ្ឋអបអរសាទរ ចំពោះការរៀបចំសង្ក្រាន្តវត្តភ្នំ នាឱកាសបុណ្យចូលឆ្នាំនេះ។ ប្រជាពលរដ្ឋក៏បានអបអរសាទរនៃការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោផងដែរ៕